ប្រពៃណាស់! សាយ បន្តគោលដៅរត់ដើម្បីស្វែងរកលុយ ១ លានដុល្លារ ជួយដល់មន្ទីរពេទ្យកុមារអង្គរ
រយៈពេលចំនួន ៣៨ ថ្ងៃហើយ នៃដំណើរការរត់ក្នុងកម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» បើគិតចាប់ពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ ។ ក្នុងនោះដែរ ៣៨ ថ្ងៃ កន្លងទៅនេះ តារាចម្រៀង សាយ បានរត់បានប្រវែង ១ ពាន់គីឡូម៉ែត្រ និង រៃអង្គាសថវិកាបានប្រមាណជាង ៣៨ ម៉ឺនដុល្លារ គិតត្រឹមថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
នៅសល់ប្រវែងប្រមាណជា ១,៣០០ គីឡូម៉ែត្រទៀត នៃដំណើរការ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ប៉ុន្តែស្ថាបនិក និង ក្រុមការងារនៃកម្មវិធីសប្បុរសធម៌នេះ បានរៃអង្គាសថវិកាលើសចំនួនគោលដៅរបស់ពួកគេដែលបានកំណត់ត្រឹមតែចំនួន ២៥ ម៉ឺនដុល្លារទៅហើយជូនដល់មន្ទីរពេទ្យកុមារអង្គរ ។
យ៉ាងណាមិញ ចំនួនគោលដៅនៃការរៃអង្គាសជួយដល់មន្ទីរពេទ្យកុមារអង្គរ បានជោគជ័យ និង លើសចំនួនក៏ពិតមែន តែ សាយ នៅតែបន្តរត់ និង បន្តរៃអង្គាសថវិកាបន្ថែមទៀតជួយដល់មន្ទីរពេទ្យផងដែរ ។ ជាក់ស្តែង ក្រោយពីទទួលការចូលរួមបរិច្ចាគថវិកាពីសប្បុរសជនយ៉ាងច្រើនហើយនោះ សាយ និង ក្រុមការងារទទួលបានកម្លាំងចិត្តយ៉ាងខ្លាំង និង បានកំណត់គោលដៅជាថ្មី ប្រសិនជានៅតែមានការជួយជ្រោមជ្រែងពីសំណាក់មហាជនទៀតនោះ លោក នឹងប្រមូលថវិកា ១លានដុល្លារ ពីកម្មវីធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ជូនដល់មន្ទីរពេទ្យកុមារអង្គរ ។
តាមការប្រាប់មកកាន់ «ប្រជាប្រិយ» សាយបានឲ្យដឹងថា «ការកំណត់យក ១លានដុល្លារ នេះ គឺជាការរំពឹងទុករបស់ក្រុមការងារ ក៏ព្រោះតែរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សប្បុរសជនជាច្រើនបានចូលរួមបរិច្ចាគថវិកាតាមរយៈការលេង challenge ១ ដុល្លារ ហើយប្រសិនការលេងហ្គេមនេះនៅបន្តមាននោះ មន្ទីរពេទ្យកុមារអង្គរនឹងអាចទទួលបានថវិកា ១ លាន ដុល្លារ ពិតប្រាកដមែន » ។
សាយ បានបន្តទៀតថា « មូលហេតុនៃការ កំណត់បន្ថែមនេះ ក៏ព្រោះតែមន្ទីរពេទ្យកុមារអង្គរ ជារៀងរាល់ឆ្នាំខ្វះខាតថវិកានៃការព្យាបាលសង្គ្រោះកុមារដល់ទៅ ៥០ ម៉ឺនដុល្លារទៅហើយ ដូច្នេះបើយើងអាចរៃអង្គាសបាន ១ លានដុល្លារមែននោះ មន្ទីរពេទ្យប្រាកដជាអាចរួចផុតពីកង្វះខាតនេះជាក់ជាមិនខាន » ។
គួរឲ្យដឹងថា ថវិកាប្រមាណជាង ៣៨ ម៉ឺនដុល្លារនេះដែរ គឺទទួលបាន ពីសប្បុរសធម៌នានាតាមរយៈការបរិច្ចាគតាមគណនីធនាគារ និង ក្រុមការងារ «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដោយផ្ទាល់តាមបណ្តាខេត្តនានាជាដើម និង ការចូលរួមលេងហ្គេម Challenge ១ ដុល្លារ ជាមួយ សាយ តែម្តង ៕