ភរិយា កែវ វាសនា បង្ហើបចង់បានកូនទី ៣ ព្រោះរឿងមួយនេះ
រយៈពេលជាង ៤ ឆ្នាំ មកហើយ ដែលតារាចម្រៀង កែវ វាសនា បានរៀបការនឹងភរិយាអ្នកខេត្តបន្ទាយមានជ័យ គឺ អ្នកនាង លឹម សុគន្ធារី និង មានចំណងដៃកូនប្រុសម្នាក់ និង ស្រីម្នាក់ផងដែរ ។
ក្នុងនោះដែរ មហាជនអ្នកគាំទ្របានដឹងថា បន្ទាប់ពីសម្រាលបានកូនប្រុសច្បងមិនបានប៉ុន្មានខែផង ភរិយាតារាប្រុសរូបនេះ ក៏បានពពោះកូនស្រីមួយរូបទៀត ដោយភរិយារបស់លោកលើកឡើងថា «ខ្លួនចង់មានកូនទាន់នៅក្មេង ដើម្បីងាយស្រួលរកស៊ីធ្វើការនៅថ្ងៃខាងមុខ» ។
មកដល់ឆ្នាំ ២០២០ នេះ កូនប្រុសមានអាយុ ជាង ៣ ឆ្នាំ និង កូនស្រីមានអាយុជាង ២ ឆ្នាំ ហើយក្តី តែតារាប្រុសរូបនេះ ហាក់មិនទាន់បង្ហើបតម្រួយចង់បានកូនទី ៣ នៅឡើយនោះទេ ។ ប៉ុន្តែបើក្រឡេកមកភរិយារបស់លោកវិញនោះ គឺអ្នកនាង លឹម សុគន្ធារី បានបង្ហោះសារថា ខ្លួនចង់រៀបការម្តងទៀត តែចាំយកកូនទី ៣ សិន ដោយសារនោះហាក់ចង់បង្ហើបថានាងចង់មានកូនទី ៣ ហើយ ។
សារនោះដែរ ភរិយារបស់តារាចម្រៀងល្បីរូបនេះ ហាក់សរសេរលេងសើចបន្តិច និង ការពិតបន្តិចថា «ចាំមានកូនមួយទៀត យើងនឹងរៀបការម្តងទៀត ហើយឱ្យកូនទាំង ៣ យើងធ្វើកូនកន្ធាយ តែពេលនេះទើបមានកូន ២ ទេ» ៕