ក្នុងមួយសប្តាហ៍យុវជន ភី ទី នៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង អាចរកចំណូលបានរាប់ពាន់ដុល្លារពីមុខរបរចិញ្ចឹមទាកាប៉ាភ្ញាស់កូនលក់ដោយអាចលក់កូនទាកាប៉ាយ៉ាងហោចពី ១៥០០ ទៅ ២០០០ ក្បាល ដែលកូនទាកាប៉ា ក្នុង ១ ក្បាល ថ្លៃ ៥០០០ រៀល ។
យុវជនភី ទី ទើបតែបើកដំណើរការកសិដ្ឋានចិញ្ចឹមទាកាប៉ាផ្ទាល់ខ្លួននៅខេត្តស្វាយរៀង នាឆ្នាំ ២០១៩ នេះដែរទេ ដោយមានចិញ្ចឹមកូនទាកាប៉ា កូនទាប៉េកាំង កូនបាបារី និង កូនទាតៃវ៉ាន់ ប៉ុន្តែក្នុងនោះជាសំខាន់គឺផ្តោតខ្លាំងតែលើការចិញ្ចឹមទាកាប៉ាភ្ញាស់កូនលក់ ព្រោះងាយស្រួលក្នុងការលក់ទោះមានប៉ុន្មានក៏លក់អស់ៗដែរ ។
បន្ទាប់ពីរៀនចប់បរិញ្ញាផ្នែកគីមីចំណីអាហារយុវជន ភី ទី បានសម្រេចចិត្តចាប់ប្រកបរបរចិញ្ចឹមទា ដោយយោងតាមការសិក្សាទីផ្សារសង្កេតឃើញថាកូនទាកាប៉ាកំពុងមានទីផ្សារ និង មានហាងឆេង ព្រោះកសិករខ្មែរកំពុងពេញនិយមចិញ្ចឹមទាកាប៉ា ពិសេសទៀតនោះកូនទាកាប៉ាឱ្យតែញាស់ចេញមក និង ចាក់វ៉ាក់សាំងហើយ គឺលក់ចេញបាន ១ ក្បាល ៥០០០ រៀលភ្លាម មិនដូចចិញ្ចឹមទាលក់សាច់គឺរយៈពាល ២ ទៅ ៣ ខែ និង មានទម្ងន់ ៣ ទៅ ៤ គីឡូក្រាម ទើបអាចលក់ចេញបានម្តង ។
ពេលចិញ្ចឹមទាកាប៉ាដំបូង យុវជន ភី ទី ដាក់ចំនួន ៥០០ ក្បាល ដោយចំណាយដើមទុនប្រមាណជា ១០០០ ដុល្លារ ។ ចិញ្ចឹមបានរយៈពេល ៥ ខែ ទាកាប៉ាចាប់ផ្តើមពង និង បានយកទៅភ្ញាស់កូនលក់ ។ ការចិញ្ចឹមទាកាប៉ាយកពងក្នុងមេទា ៥ ក្បាលត្រូវដាក់ឈ្មោល ១ ក្បាល ។
កសិដ្ឋានចិញ្ចឹមទាកាប៉ារបស់យុវជន ភី ទី មានទំហំដីប្រមាណ ២ ហិកតា ដោយបែងចែកជាផ្នែកៗ ដូចជា កន្លែងទូភ្ញាស់មួយផ្នែក រោងស្អំកូនមួយផ្នែក រោងថែរក្សាមួយផ្នែក កន្លែងសម្រាប់ដាក់ទាធំៗមួយផ្នែក ជាដើម ។ ការចាប់របរចិញ្ចឹមទាកាប៉ានេះយុវជន ភី ទី មិនបានទៅរៀននៅសាលាជំនាញកសិកម្មអ្វីនោះទេ ពោលគឺគ្រាន់តែសាកសួរយោបល់ដកពិសោធពីអ្នកលក់កូនទាឱ្យលោកចិញ្ចឹមដំបូងៗប៉ុណ្ណោះ ។ មកដល់ពេលនេះកសិដ្ឋានចិញ្ចឹមទាកាប៉ារបស់យុវជន ភី ទី មានទាកាប៉ាសរុបចំនួនជាង ២០០០ ក្បាល និង ទាប៉េកាំង ទាតៃវ៉ាន់ សម្រាប់លក់សាច់ប្រមាណជា ១៥០០ ក្បាល ។
ចំណែកទូភ្ញាស់ពងទាយកកូនវិញមានចំនួន ៤ ទូ ដែលក្នុងទូនីមួយៗអាចដាក់ពងភ្ញាស់បានចំនួន ៨០០ គ្រាប់ ។ រយៈពេលនៃកាភ្ញាស់ពងទាកាប៉ាគឺចំនួនជាង ២០ ថ្ងៃ ទើបញាស់ចេញជាកូនទា និង ក្រោយញាស់បាន ៣ ទៅ ៥ ថ្ងៃត្រូវចាក់វ៉ាក់សាំងឱ្យកូនទាព្រមទាំងលក់ចេញតែម្តង ។ យុវជន ភី ទី បានបង្ហើបឱ្យដឹងពីគម្រោងការផ្ទាល់ខ្លួនក្នុងមុខរបរចិញ្ចឹមទាកាប៉ានេះថា នាពេលខាងមុខនឹងទៅរៀបចំបើកកសិដ្ឋានចិញ្ចឹមទាកាប៉ាមួយកន្លែងទៀតនៅឯខេត្តត្បូងឃ្មុំ ដោយពេលនេះកំពុងសិក្សាអំពីទីតាំងដែលត្រូវដាក់ទាចិញ្ចឹម និង ត្រៀមបន្ថែមទូភ្ញាស់ពងទាចំនួន ១០ ទូបន្ថែមទៀត ៕