អ្នកម្តាយសម័យថ្មី! តារាស្រី ៥ រូប សម្រាលកូនភ្លាមតែងខ្លួនខ្ញង់ភ្លែត
កាលពីកំឡុងខែតុលា និង ខែវិច្ឆិកា គេបានឃើញថាសិល្បការិនីជាច្រើន បានសម្រាលកូនកៀកៗគ្នា បន្ទាប់ពីពពោះអស់រយៈពេលជាង ៩ ខែ ១០ ថ្ងៃ ។ ក្នុងនោះគិតត្រឹមខែវិច្ឆិកានេះ តារាស្រីមួយចំនួនក៏បានចេញខែកូនប្រុសស្រីរួចរាល់ ហើយខ្លះទៀតក៏ទើបតែសម្រាល និង ចេញពីមន្ទីរត្រលប់មកសម្រាកនៅផ្ទះវិញផងដែរ ។
យ៉ាងណាមិញ ទោះជាការសម្រាលកូនតាមបែបធម្មជាតិ ឬ ក៏វះកាត់យ៉ាងណាក្តី មហាជនបានសង្កេតឃើញថា តារាស្រីប៉ុន្មានរូបនោះហាក់រឹងមាំ រីឯសម្រស់វិញក៏ស្រស់ស្អាតភ្លែតតែម្តងបន្ទាប់ពីសម្រាលកូនរួច ។
តោះទៅមើលៗអ្នកម្តាយសម័យថ្មីណាខ្លះ ស្អាតខ្ញង់ភ្លែតពេលសរសៃខ្ចី ៖
១- អេនជី
តារាចម្រៀងស្រីរូបនេះ សម្រាលកូនដោយធម្មជាតិកាលពីថ្ងៃទី ៤ ខែតុលា ឆ្នាំ ២០២០ បានកូនប្រុសដ៏ស្រស់ស្អាតម្នាក់មានឈ្មោះថា គង់ វីរៈអ៊ីដេន ។ តារាស្រីរូបនេះ ទើបសម្រាលកូនបានជាង ១ ខែ ក៏ពិតមែន តែក្រឡេកទៅមើលសម្រស់អ្នកម៉ាក់រូបនេះគឺនៅតែស្រស់ស្អាត ។
២- សួស វីសា
តារាចម្រៀងផលិតកម្មហង្សមាសរូបនេះ បានសម្រាលកូនស្រីឈ្មោះ ថង សាម៉ូលីណា ហៅ Jenny ដោយការវះកាត់នៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ ។ ក្រោយសម្រាលកូនរួច តារាស្រីរូបនេះបានបង្ហាញភាពស្រស់ស្អាតរបស់ខ្លួនភ្លែតទាំងស្នាក់នៅក្នុងមន្ទីរពេទ្យតែម្តង ។
៣- តូតា
តារាសម្តែងរូបនេះ បានសម្រាលកូនដោយធម្មជាតិកាលពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២០ កន្លងទៅ ដោយកូនប្រុសរបស់នាងមានមុខមាត់គួរឱ្យក្នាញ់ និង ដាក់ឈ្មោះកូនប្រុសដំបូងថា ប៉ុល បូនីតតូ ។ តូតា ត្រូវបានមហាជនងសង្កេតឃើញថា នាងមានសុខភាពមាំ និង ស្រកគីឡូភ្លាមៗក្រោយសម្រាលកូនរួចបានត្រឹមតែកន្លះខែ ។
៤- ឌី សូនីតា
តារាចម្រៀង និង តារាសម្តែងស្រីរូបនេះ បានធ្វើឲ្យមហាជនអ្នកគាំទ្រភ្ញាក់ផ្អើលមុនពេលសម្រាលកូន ថានាងមានផ្ទៃពោះជាមួយនឹងតារាប្រុស អេឡិច ហ្សូរ៉ា ។ ឌី សូនីតា បានសម្រាលកូនដោយការវះកាត់នៅថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២០ និង ដាក់ឈ្មោះកូនស្រីថា ហ្សូតា ម៉ីហាណា ហៅ Smile ។ តារាស្រីរូបនេះ គ្រាន់តែចេញពីពេទ្យភ្លាម បានបង្ហាញសម្រស់ដ៏ស្រស់ស្អាតភ្លែតនៅលើគណនីហ្វេសប៊ុករបស់នាង ។
៥- ផន សុផារី
តួឯកល្ខោន និង ធ្លាប់ជាអតីតតារាកំប្លែងរូបនេះ បានសម្រាលកូនទីពីរដោយវះកាត់កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ និង ដាក់ឈ្មោះកូនស្រីយ៉ាងពិរោះថា វណ្ណរ៉ា រីអ៊ែលលី ។ ក្រោយពីចេញពីមន្ទីរពេទ្យភ្លាម គេបានសង្កេតឃើញថាតារាស្រីរូបនេះ មានសុខភាពរឹងមាំ និង តុបតែងខ្លួនស្រស់ស្អាតភ្លាមៗតែម្តង ៕