រៀបការជិត ៥ ឆ្នាំ ថន ដារ៉ា នៅតែមិនទាន់សម្រេចបំណងរួមនឹងស្វាមី
បើគិតមកដល់ពេលនេះអតីតពិធីការិនី ថន ដារ៉ា ដែលត្រូវគេស្គាល់ថាជាបងស្រីរបស់ ថន លក្ខិណា នោះ រៀបការបានប្រមាណជាជិត ៥ ឆ្នាំហើយ តែយ៉ាងណានាងមិនទាន់មានកូនប្រលែងលេងដូចគេឡើយ ហើយអ្វីដែលចាប់អារម្មណ៍ពេលនេះដែរ ថន ដារ៉ា កំពុងរស់នៅបែកពីស្វាមីស្នាក់នៅស្រុកខ្មែរនៅឡើយ ។
ប៉ុន្មានខែចុងក្រោយនេះគេបានឃើញវត្តមាន ថន ដារ៉ា រស់នៅក្នុងស្រុកកំណើតខណៈស្វាមីនាងលោក ណាវៈរ៉ាត់ យូបំារ៉ុង រស់នៅឯស្រុកថៃឯណោះ ហើយក៏មិនមែនជាលើកទីមួយទេកន្លងមក ថន ដារ៉ា និង ស្វាមី តែងចុះឡើងៗបែបនេះជារឿងធម្មតាមិនមានរឿងអ្វីនៅក្នុងជីវិតគូរបស់នាង ។ គេចាំបានថា កាលរៀបការហើយភ្លាមៗ ថន ដារ៉ា បានលើកឡើងថា មួយរយៈពេលនៃការរស់នៅជាមួយស្វាមី នាងពិតជាមានសេចក្តីសុខ និង សុភមង្គលខ្លាំង ព្រោះស្វាមីនាងបំពេញតួនាទីជាស្វាមីដ៏ល្អ ហើយអ្វីដែលនាង និង ស្វាមីចង់បានធំបំផុតនោះគឺដំណក់ឈាមរួមគ្នា ប៉ុន្តែយ៉ាងណារហូតមកដល់ពេលនេះជិត ៥ ឆ្នាំហើយ ថន ដារ៉ា នៅមិនទាន់សម្រេចប្រាថ្នារួមគ្នាជាមួយស្វាមីជាជនជាតិថៃនោះឡើយ ។
ខណៈកំបុងមានវត្តមាននៅក្នុងស្រុក ថន ដារ៉ា មិនបានវិលមកប្រឡូកក្នុងសិល្បៈដូចមុនឡើយ ប៉ុន្តែនាងតែងលេចមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិជាមួយប្អូនស្រី ថន លក្ខិណា ។ សព្វថ្ងៃនេះនាងកំពុងប្រកបរបរលក់គ្រឿងអលង្ការតាមអនឡាញ អ្វីដែលចាប់អារម្មណ៍មានស្វាមីជាច្រើនឆ្នាំតែសម្រស់របស់ ថន ដារ៉ា នៅតែស្អាតខ្ញង់មិនដូចពាក្យចាស់តែងពោលថាយកស្វាមីចាស់ក៏ចាស់តាមស្វាមីនោះឡើយ ៕