មុនឈានមកក្លាយជាអ្នកចិញ្ចឹមខ្យងដែលពេលនេះបានដាក់ឈ្មោះថាជាកសិដ្ឋានខ្យងត្បូងឃ្មុំ លោក ឈីម ផៃ អាយុ ៣០ ឆ្នាំ គឺជាអ្នកទទួលទិញ និង លក់ខ្យងប៉ុណ្ណោះ តែដោយសង្កេតឃើញថាទីផ្សារខ្យងល្អ ពោលគឺឱ្យតែមានខ្យងលក់តែងមានម៉ូយទទួលយកអស់ៗមិនដែលសល់ និង មិនគ្រប់តាមការកុម្មង់របស់ម៉ូយផងទើបលោកសម្រេចចិត្តបង្កើតជាកសិដ្ឋានចិញ្ចឹមខ្យងមួយនេះឡើង ។
លោក ឈីម ផៃ ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងត្បូងឃ្មុំ នៅភូមិបុសខ្នុរ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ការចិញ្ចឹមខ្យងតាមបែបធម្មជាតិរបស់លោកផ្ទាល់គឺផ្តោតលើខ្យងបឹង ព្រោះងាយចិញ្ចឹម និង ធំលឿន ព្រមទាំងលក់ដាច់ខ្លាំងជាងខ្យងស្រែ ។ ជាក់ស្តែងពេលនេះលោកមានអាងចិញ្ចឹមខ្យងជិត ២០ អាងហើយដែលចំណាយដើមទុនសរុបជិត ៣០០០ ដុល្លារ នឹងអាចប្រមូលផលខ្យងលក់ចេញបាននាខែមេសា ឬ ឧសភាខាងមុខ ។
ការចិញ្ចឹមខ្យងរបស់កសិដ្ឋានលោក គឺចិញ្ចឹមតាមគោលការណ៍បែបធម្មជាតិ ដោយមិនប្រើចំណីអ្វីផ្សេងក្រៅពីផ្លែឈើ មានដូចជាឪឡឹក ឃ្លោក ឬ សរុក្ខជាតិ បន្លែស្លឹកឆាយ៉ា ឬ ចំណីត្រីនោះឡើយ ។ ខ្យងដែលចិញ្ចឹមយកសាច់លក់គិតតាំងពីកូនខ្យងកើតមកមានរយៈពេល ៤ ខែ គឺអាចលក់បានហើយ តែបើចិញ្ចឹមយកពងកូនបន្តពូជគេចិញ្ចឹមរយៈពេល ១២ ខែ ទើបមានពង ព្រោះតែហេតុនេះទើបខ្យងពូជមានតម្លៃថ្លៃ ។
រយៈពេលប្រមាណជា ៣ ទៅ ៤ ឆ្នាំចុងក្រោយនេះ តម្រូវការខ្យងចាប់ផ្ដើមកើនឡើងខ្លាំង ដែលធ្វើឱ្យតម្លៃខ្យងហក់ឡើងខ្លាំង នេះជាឱកាសសម្រាប់កសិករដែលមាន ពេល មានដីទំនេរ គួរតែងាកមកមើលរបរនេះ ។ ខ្យងធម្មជាតិសព្វថ្ងៃនេះមានតិចតួចណាស់ ដែលជាហេតុមិនអាចផ្គត់ផ្គង់ទីផ្សារបាន ស្របពេលដែលខ្យងធម្មជាតិខ្សត់ខ្សោយយ៉ាងនេះ តម្លៃខ្យងនៅលើទីផ្សារគឺមានតម្លៃថ្លៃ បើធៀបនឹងកាលពីមានខ្យងធម្មជាតិ ។ នាដើមឆ្នាំ ២០២១ ខាងមុខលោក ឈីម ផៃ គ្រោងពង្រីកអាងចិញ្ចឹមខ្យងបន្ថែមឱ្យបាន ១០០ អាង ដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក និង ក្រៅស្រុក ៕