ជាទូទៅគេតែងចិញ្ចឹមកង្កែបលក់សាច់ តែចំពោះកសិករ នីន ឫទ្ធី រស់នៅភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង គាត់យកចិត្តទុកដាក់ផ្តោតសំខាន់លើការចិញ្ចឹមកង្កែបបង្កាត់ពូជភ្ញាស់កូនលក់ ដែលរបរនេះបានធ្វើឱ្យគ្រួសារគាត់មានជីវភាពធូរធាច្រើន ។
ការចិញ្ចឹមសត្វកង្កែប ដើម្បីយកសាច់ត្រូវប្រើពេលវេលាក្នុងការចិញ្ចឹមចាប់ពី ២ ខែ ដល់ ៣ ខែ អាចចាប់លក់បាន តែចំពោះកសិករ នីន ឫទ្ធី គាត់ចិញ្ចឹមកង្កែបបង្កាត់ពូជភ្ញាស់កូនលក់ ពោលគឺក្រោយពីកូនកង្កែបញាស់កើតមកបាន ២ ខែ គឺអាចលក់ចេញឱ្យម៉ូយដែលគេទិញយកទៅចិញ្ចឹមដោយក្នុង ១ ក្បាលថ្លៃ ៥០០ រៀល និង លក់ចេញម្តងៗរាប់ម៉ឺនកូនឯណោះ ។ ដោយសារតែបច្ចុប្បន្នកសិករនិយមចិញ្ចឹមកង្កែបច្រើន ទើបកូនកង្កែបដែលគាត់ភ្ញាស់បានមកងាយលក់ ទោះមានប៉ុន្មានក៏មិនដែលសល់ ។
ការសម្រេចចិត្តចិញ្ចឹមកង្កែបលក់របស់កសិករ នីន ឫទ្ធី បើគិតមកទល់ពេលនេះមានរយៈពេលជិត ១០ ឆ្នាំហើយ ដោយដំបូងឡើយគាត់ចិញ្ចឹមកង្កែបលក់សាច់ចំណាយទុនទិញកូនកង្កែប ១០០០ ក្បាល និង ធ្វើអាងសម្រាប់ចិញ្ចឹមកង្កែបចំនួន ២ អស់ប្រាក់ប្រមាណ ២ លានរៀល ។ កាលនោះគាត់អាចលក់កង្កែបដែលចិញ្ចឹមបានក្នុង ១ គីឡូក្រាម ១២០០០ រៀល និង ក្រោយមកក៏ចេះតែធ្លាក់ថ្លៃត្រឹម ១០០០០ រៀលក្នុង ១ គីឡូក្រាម ទើបគាត់ប្តូរគំនិតសិក្សាស្រាវជ្រាវពីវិធីចិញ្ចឹមកង្កែបបង្កាត់ពូជ និង ភ្ញាស់កូនកង្កែបដើម្បីលក់វិញ ព្រោះទីផ្សារកូនកង្កែបមានអតិថិជនមកពីគ្រប់ខេត្តត្រូវការច្រើន ពិសេសគេច្រើនមកទិញដល់ទីកន្លែងងាយស្រួលសាកសួរពីបច្ចេកទេសចិញ្ចឹមពីគាត់ផ្ទាល់ ។
កសិករ នីន ឫទ្ធី បានឱ្យដឹងថា ពេលនេះគាត់មានអាងចិញ្ចឹមកង្កែបបង្កាត់ពូជភ្ញាស់យកកូនកង្កែបល្អៗ ដើម្បីបញ្ចេញលក់ឱ្យអតិថិជនសរុប ១៧ អាង ដែលអាចរកចំណូលបាន ១៥ លានរៀលក្នុង ១ ឆ្នាំ ។
ដើម្បីបំពេញតាមតម្រូវការអតិថិជនដែលចង់បានកូនកង្កែបយកទៅចិញ្ចឹមកសិករ នីន ឫទ្ធី បានបង្ហើបឱ្យដឹងផងដែរថា នៅពេលខាងមុខនេះគាត់នឹងពង្រីកអាងចិញ្ចឹមកង្កែបពូជភ្ញាស់យកកូនឱ្យបានចំនួនពី ៣០ ទៅ ៥០ អាង ព្រោះគាត់បានសិក្សារួចហើយថាគាត់អាចធ្វើអាងត្រួតលើគ្នាចំនួន ៣ ថ្នាក់ ពោលគឺធ្វើដូចគ្រែដែលនៅលើក្រោមគ្នា បើធ្វើបែបនេះវាចំណេញទីកន្លែងសមស្របទៅតាមដីដែលយើងមានតិចតួច ៕