កូនស្រីអតីតតារាសម្តែងល្បី កែវ កល្យាណ កំពុងដើរតាមគន្លងម្តាយពេញទំហឹង
កាន់តែធំពេញវ័យសម្រស់កូនស្រីអតីតតារាសម្តែងល្បី កែវ កល្យាណ កាន់តែមានសម្រស់ស្អាតបែបធម្មជាតិ ដែលពេលនេះនាងកំពុងតែចាប់ផ្តើមលេចមុខលេចមាត់នៅក្នុងអាជីពសិល្បៈ មានទាំងការសម្តែងរឿង និង ស្ប៉តពាណិជ្ជកម្មនានាផងដែរ ។
គេចាំបានថា កែវ កល្យាណ ធ្លាប់ជាតារាសម្តែងដែលមានឈ្មោះបោះសំឡេងកាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០ ជំនាន់ អ្នកស្រី អម្ពរ ទេវី ចាន់ តារាទី លោក ទេព រិន្ទដារ៉ូ និង ខៃ ប្រសិទ្ធ ជាដើម តែក្រោយពីតារាស្រករក្រោយរីកដុះដាល កែវ កល្យាណ ក៏បានបន្សាត់ខ្លួនចេញពីអាជីពនេះ តែយ៉ាងណាអ្នកស្រីបានជួយជ្រោមជ្រែងនិង លើកទឹកចិត្តដល់កូនស្រីឈ្មោះ កែវ ឡាវិញ ឱ្យដើរតាមគន្លងរបស់អ្នកស្រី ។ រូបសម្រស់រួមនឹងទេពកោសល្យពីកំណើតបានធ្វើឱ្យ កែវ ឡាវិញ ហក់ចូលក្នុងអាជីពនេះយ៉ាងស្រួល ដែលពេលនេះនាងកំពុងមានការងារសិល្បៈមមាញឹកជាច្រើន ។
គេមិនទាន់ដឹងថាទៅថ្ងៃអនាគត កែវ ឡាវិញ អាចនឹងទទួលបានការគាំទ្រខ្លាំងដូចអ្នកម្តាយ កែវ កល្យាណ ឬ បែបណាឡើយ តែយ៉ាងណាពេលនេះនាងកំពុងមានទីផ្សារការងារជាច្រើនទាំងការសម្តែងរឿង ស្ប៉តពាណិជ្ជកម្ម និង ថតចម្រៀងខារ៉ាអូខេ ជាដើម ៕