រឿងកាន់តែក្ដៅ! លោក ម៉ៅ ធនារក្ស ចេញលិខិតស្រាយបំភ្លឺករណីជម្លោះដីធ្លីជាមួយលោក ព្រាប សុវត្ថិ
កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានការទម្លាយពីលោក ហេង ឡុង ថា កំពូលតារាចម្រៀង ព្រាប សុវត្ថិ ត្រូវអ្នកមានអំណាចមួយរូប រំលោភយកដីដែលម្ដាយលោកបានទិញនៅខេត្តមណ្ឌលគីរី កាលពីឆ្នាំ ២០១៨ ។
លោក ហេង ឡុង បានទម្លាយដំណើរដើមទងដូចតទៅថា ៖ «នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ផូ សំណាង (ជាម្តាយលោក ព្រាប សុវត្ថិ) តំណាងឱ្យលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ ម្ចាស់ មានទំហំសរុប ជាង ១៩ ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (មានឯកសារកាន់កាប់របស់ម្ចាស់ដើម) ហើយក្រោយពីការទិញលក់ ម្ចាស់ដើមទាំង ៥ នាក់នោះ បានផ្ទេរសិទ្ធិកាន់កាប់ជូន លោកស្រី ផូ សំណាង ដោយមានការចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិនោះ ដោយលោកមេភូមិពូទ្រូ លោកចៅសង្កាត់សែនមនោរម្យ ហើយចុងក្រោយគឺ ដោយលោក នង ទណ្ណារី ជាអភិបាលស្រុក (មានឯកសារលិខិតផ្ទេរសិទ្ធិ) ។ ក្រោយពីការទិញលក់ រួចរាល់ហើយ លោកស្រី ផូ សំណាង បានចូលកាប់កាប់ដោយសាធារណៈ ដោយសុច្ចរិត និងបានសាងសង់របងព្រំដីផងដែរ» ។
ក្រោយពីលោក ហេង ឡុង បានទម្លាយពីករណីនេះជាសាធារណៈ ភាគីពាក់ព័ន្ធម្ខាងទៀតដែលគេស្គាល់ឈ្មោះ ម៉ៅ ធនារក្ស ក៏បានចេញមុខមកបកស្រាយបំភ្លឺផងដែរ។ តាមរយៈលិខិតបំភ្លឺរបស់លោក ម៉ៅ ធនារក្ស បានឱ្យដឹងថា ដីមួយកន្លែងនៅខេត្តមណ្ឌលគីរី ដែលលោក ហេង ឡុង បានបង្ហោះថាលោក ព្រាប សុវត្ថិ ត្រូវរូបលោករំលោភយកដីយ៉ាងអយុត្តិធម៌នោះ មិនមែនជាការពិតឡើយ។
ក្នុងលិខិតនោះដែរ លោក ម៉ៅ ធនារក្ស បានបន្ថែមថា កាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២០ កន្លងមក រដ្ឋបាលសាលាក្រុង សែនមនោរម្យ ធ្វើការអញ្ជើញលោក និង លោក ព្រាប សុវត្ថិ តំណាងឱ្យឈ្មោះ ផូ សំណាង ចូលខ្លួនផ្តល់ឯកសារពាក់ព័ន្ធ និង បំភ្លឺនូវប្រវត្តិទិញ លក់ កន្លែងនេះ ក្រោមការដឹកនាំប្រជុំដោយលោក ឃន់ អូន អភិបាលរងក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរីរួចមកហើយ។
ខណៈពេលស្រាយបំភ្លឺក្នុងពេលប្រជុំនោះផងដែរ លោកបានជំរាបជូននូវជំហររបស់លោកថា បើនិតិវិធីច្បាប់រកឃើញថាដីនោះ ពិតជាដីរបស់ភាគីខាងលោក ព្រាប សុវត្ថិ មែន លោកប្រគល់ជូនដោយគ្មានលក្ខខណ្ឌ ប៉ុន្តែបើនិតិវិធីច្បាប់រកឃើញថាមានជនខិលខូចយកដីនេះទៅរត់ការលក់ឱ្យទៅភាគីលោក ព្រាប សុវត្ថិ សូមទទួលយកការពិតទាំងអស់គ្នាដើម្បីបញ្ចប់បញ្ហានេះ ។ ដោយហេតុត្រូវការពេលវេលាបំពេញភារកិច្ចប្រចាំថ្ងៃជូនរាជរដ្ឋាភិបាល ។ បច្ចុប្បន្នបញ្ហាដីនេះកំពុងស្ថិតក្នុងដំណោះស្រាយនីតិវិធីច្បាប់របស់រដ្ឋបាលក្រុង សែនមនោរម្យ និង រដ្ឋបាលស្រុកអូរាំង៕