កូនស្រីលោក ម៉ៅ ធនារក្ស ចេញមុខអះអាងថាដីនោះ ឪពុកខ្លួនបានទិញ និងកាន់កាប់តាំងពីឆ្នាំ ២០១២
រឿងរ៉ាវជម្លោះដីធ្លីរវាងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង លោក ម៉ៅ ធនារក្ស កាន់តែក្ដៅគគុក បន្ទាប់ពីភាគីទាំងសងខាង សុទ្ធតែចេញមុខបញ្ជាក់អះអាងរៀងៗខ្លួនថាជាម្ចាស់កម្មសិទ្ធិដីមួយកន្លែងនៅខេត្តមណ្ឌលគីរី ដែលធ្វើឱ្យមហាជនកាន់តែចង់តាមដានចង់ដឹងពីការពិតថា តើដីមួយកន្លែងនោះជាកម្មសិទ្ធិភាគីខាងណាឱ្យពិតប្រាកដ។
ទន្ទឹមនឹងការងឿងឆ្ងល់នេះដែរ ថ្មីៗនេះកូនស្រីលោក ម៉ៅ ធនារក្ស ដែលមានគណនីហ្វេសប៊ុកឈ្មោះថា Norouroth Mau ស្រាប់តែចេញមុខបញ្ជាក់តាមរយៈការខំមិននៅលើការផុសរបស់លោកជំទាវ ហ៊ុន ស៊ីណាត ដោយបានបញ្ជាក់ច្បាស់ៗថា ដីមួយកន្លែងនោះ លោក ម៉ៅ ធនារក្ស បានទិញតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ហើយថែមទាំងមានលិខិតកាន់កាប់ប្រថាប់ត្រាដោយអភិបាលស្រុកទៀតផង ចំណែកឯលិខិតកាន់កាប់របស់លោក ព្រាប សុវត្ថិ គឺនៅឆ្នាំ ២០១៨ ឯណោះទេ ។
ឈ្មោះ Norouroth Mau បានអះអាងថា «ជម្រាបសួរជំទាវយាយ ការពិតមិនដូចលោក ហេងឡុង បានចុះផ្សាយនេះទេ ។ ដីមួយកន្លែងនេះ លោកពុកខ្ញុំបានទិញ និង កាន់កាប់តាំងពីឆ្នាំ 2012 មកម្ល៉េះ ដែលមានលិខិតកាន់កាប់ប្រថាប់ត្រាដោយអភិបាលស្រុក ។ លិខិតកាន់កាប់លោក ព្រាប សុវត្ថិ ឆ្នាំ 2018! បច្ចុប្បន្នភាគីទាំងពីរកំពុងដោះស្រាយតាមប្រព័ន្ធផ្លូវច្បាប់ មិនដូចលោក ហេង ឡុង មួលបង្កាច់នោះទេ។ សូមជំទាវយាយមេត្តាជ្រាបដោយក្តីគោរព» ។
ការចេញមុខបកស្រាយបំភ្លឺរបស់កូនស្រីលោក ម៉ៅ ធនារក្ស គឺធ្វើឡើងបន្ទាប់ពីលោក ហេង ឡុង បានបង្ហោះសារតាមរយៈគណនីផេករបស់ផ្លូវការរបស់លោកកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅថ្មីៗនេះថា «លោក ព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាច លោក ម៉ៅ ធនារក្ស រំលោភយកដីទាំងអយុត្តិធម៌!» ៕