នេះហើយជាមូលហេតុដែលលោក ព្រាប សុវត្ថិ រត់ទៅពឹងពាក់លោក ហេង ឡុង ឱ្យជួយ!
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើជម្លោះដីធ្លីនៅខេត្តមណ្ឌលគីរី រវាងកំពូលតារាចម្រៀងប្រុសដ៏ល្បីល្បាញ ព្រាប សុវត្ថិ និង លោក ម៉ៅ ធនារក្ស ហើយបើតាមភាគីទាំងសងខាងអះអាង រឿងក្ដីមួយនេះ ក៏កំពុងដោះស្រាយតាមនីតិវិធីច្បាប់ផងដែរ ព្រោះបើតាមការបង្ហោះរបស់លោក ហេង ឡុង នៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក ព្រាប សុវត្ថិ បានដាក់ពាក្យបណ្ដឹងសុំរក្សាការពារនៅសាលាដំបូងខេត្តមណ្ឌលគីរី តាំងពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ។
ថ្វីដ្បិតតែរឿងក្ដីបានទៅដល់ដៃតុលាការខេត្តមណ្ឌលគីរី តែបើតាមការអះអាងបន្ថែមពីសំណាក់លោក ហេង ឡុង ដដែល បានបញ្ជាក់ច្បាស់ពីមូលហេតុដែលបណ្ដាឱ្យលោក ព្រាប សុវត្ថិ បានសម្រេចចិត្តរត់ទៅពឹងពាក់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមឱ្យជួយបន្ថែម ព្រោះថា លោក ព្រាប សុវត្ថិ ហាក់ដូចជាអស់ជំនឿលើអាជ្ញាធរខេត្តមណ្ឌលគីរី ក្នុងការរកយុត្តិធម៌ជូនលោក ។
លោក ហេង ឡុង បានបង្ហោះសាររៀបរាប់នៅយប់ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយលើកឡើងពីមូលហេតុ ព្រាប សុវត្ថិ រត់នៅពឹងពាក់លោកថា «មុននឹងលោក ព្រាប សុវត្ថិ សម្រេចចិត្តមកពឹងពាក់សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលមានខ្ញុំបាទជាប្រធាន គាត់ហាក់ដូចជាអស់ជំនឿលើអាជ្ញាធរខេត្តមណ្ឌលគីរី ក្នុងការរកយុត្តិធម៌ជូនគាត់ ហើយនេះគឺជាជម្រើសចុងក្រោយដែលគាត់ជឿជាក់ថា នឹងអាចមានយុត្តិធម៌សម្រាប់រូបគាត់» ៕