កាន់តែផ្អែមល្ហែមហើយ ព្រីង ច័ន្ទបុត្រ ថាខ្លួនមានសំណាងបានជួបភរិយាល្អ!
ទើបរួមរស់ និង ភ្ជាប់ស្នេហ៍ជាមួយគ្នាមួយរយៈខ្លីមែន តែអតីតតារាសម្តែងរូបសង្ហាដែលមហាជនស្គាល់ថាជា នាយចេក នោះបានសរសើរភរិយាយ៉ាងពេញមាត់ប្រាប់ដល់មិត្តភក្តិក្នុងសិល្បៈគ្រប់ៗគ្នា ហើយក្នុងនោះក៏មានការជូនពរពីសំណាក់មិត្តភក្តិឱ្យចំណងស្នេហ៍លើកនេះរបស់លោកស្រឡាញ់គ្នារហូតដល់ចាស់កោងខ្នង ។
ថ្វីដ្បិតគម្លាតវ័យរបស់ភរិយាច្រើនជាងក៏ពិតមែន តែមិនមានអ្វីជាបញ្ហាសម្រាប់លោក ព្រីង ច័ន្ទបុត្រ នោះទេ ក្នុងនោះលោកអះអាងថាលោកពិតជាមានសេចក្តីសុខខ្លាំងណាស់ដែលបានជួបជាមួយភរិយារបស់លោក ដែលត្រូវគេស្គាល់ថាជាអនាគតម្តាយក្មេកតារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ។ អ្វីដែលចាប់អារម្មណ៍អតីតតារាសម្តែងរូបនេះបានព្រលយថា ភរិយារបស់លោកជាមនុស្សស្រីពូកែខ្លាំងណាស់ មិនថាកិច្ចការងារមេផ្ទះទេគឺពូកែគ្រប់រឿងតែម្តង ។
ជារឿយៗ ព្រីង ច័ន្ទបុត្រ តែងបង្ហាញរូបភាព ក៏ដូចជាអត្ថន័យផ្អែមល្ហែមមិនចាញ់គូស្នេហ៍យុវវ័យប៉ុន្មានឡើយ ហើយកាលពីថ្ងៃខួបកំណើតភរិយាប៉ុន្មានថ្ងៃមុននេះ ព្រីង ច័ន្ទបុត្រ បានជូនពរភរិយាថា «រីករាយថ្ងៃកំណើតប្រពន្ធសម្លាញ់ចិត្តរបស់បង ២៥.១១.២០២០ បងសូមជូនពរអូនឱ្យទទួលបាននូវពរដ៏បវរពីទេវតា គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ជាពិសេសសូមឱ្យទេវតាតាមជួយថែរក្សាអូនឱ្យសំណាងល្អជារៀងរហូត ជួយឱ្យអូនសម្រេចនូវបំណងទាំងពួងដែលអូនប៉ងប្រាថ្នា មិនថាការងារ ទ្រព្យធន និង ស្នេហាសូមឱ្យមានជោគមានជ័យដូចក្តីបំណង ផ្សងអីបានដូចចិត្ត ឥតខក បំណងឡើយ» ។
គួរបញ្ជាក់ ថាលោក ព្រីង ច័ន្ទបុត្រ បានបញ្ចប់អាជីពសិល្បៈហើយ តែយ៉ាងណាលោកនៅតែចូលរួមនៅក្នុងកម្មវិធីនានារបស់មិត្តសិល្បៈ ៕
រូបថត ៖ ហ្វេសប៊ុក