ល្បី ១៣ ឆ្នាំ Yoona ទើបបើកគណនី Youtube ផ្ទាល់ខ្លួន ដោយសាររឿងមួយនេះ!
រយៈពេលប្រមាណជា ១៣ ឆ្នាំ ហើយ ដែល Yoona បានចូលប្រឡូកក្នុងវិស័យសិល្ប បើគិតចាប់តាំងពីការក្លាយទៅជាសមាជិកក្រុមចម្រៀង K-Pop «Girl’s Generation» ដ៏ពេញនិយមកាលពីឆ្នាំ ២០០៧ មកនោះ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីសាងកេរ្តិ៍ឈ្មោះជាតារាចម្រៀងរួចហើយ Yoona ក៏បានចាប់យកអាជីពជាតារាសម្តែងបន្ថែមទៀត ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងរហូតមកដល់ពេលបច្ចុប្បន្ន ។
ដោយឡែក ទោះជារយៈពេល ១៣ ឆ្នាំ យូរក៏ពិតមែន ប៉ុន្តែ Yoona គឺត្រូវបានរាប់បញ្ជូលជាតារាមួយរូប មិនដែលមានទំនាក់ទំនងផ្ទាល់ ជាមួយនឹងអ្នកគាំទ្រតាមបណ្តាញសង្គមផ្ទាល់ខ្លួនណាមួយនោះទេ គឺរាល់គ្រប់សកម្មភាព និង ការឆ្លើយឆ្លងរវាងនាងទៅនឹងអ្នកគាំទ្រ គឺត្រូវបានឆ្លងកាត់លើគណនីផ្លូវការរបស់ SM Entertainment តែប៉ុណ្ណោះ ។
យ៉ាងណាមិញ កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ សមាជិកក្រុមចម្រៀង Girl’s Generation រូបនេះ បានធ្វើឲ្យអ្នកគាំទ្ររីករាយយ៉ាងខ្លាំងបន្ទាប់ពីនាងបានបើកគណនី IG ផ្ទាល់ខ្លួននិង មកដល់ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះទៀត Yoona បានបង្ហោះសារឲ្យដឹងនៅលើគណនី IG ថា នាងនឹងបើកដំណើរការគណនី Youtube ជាផ្លូវការ និង បង្ហាញនូវវីដេអូផ្ទាល់ខ្លួនដំបូង ដែលមានចំណងជើងថា «YoonA’s So Wonderful Day» ។
ការចាប់ផ្តើមបង្កើតគណនី Youtube នេះដែរ Yoona មានគោលបំណងក្នុងការចែករំលែកសកម្មភាពការងារ និង ឯកជនរបស់នាងទៅកាន់អ្នកគាំទ្រគ្រប់ប្រទេសឲ្យបានដឹងពីរឿងរ៉ាវរបស់នាង ៕