ផ្អើលអ្នកគាំទ្រ! រឿន ណាត បង្ហោះសារមួយ រហូតអ្នករៀបចំកម្មវិធី MUC ចេញមុខបញ្ជាក់ការពិត
ក្រោយពីការបញ្ចប់ Miss Universe Cambodia 2020 ដោយម្ចាស់មកុដត្រូវបានទៅកាន់ កញ្ញា រ៉េត សារីតា ហើយនោះកាលពីថ្ងៃអាទិត្យ ទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ Miss Universe Cambodia 2018 កញ្ញា រឿន ណាត បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ បន្ទាប់ពីនាងបានបង្ហោះសារមួយយ៉ាងវែងនៅលើគណនី fb របស់នាង ។
រឿន ណាត បានរៀបរាប់សារដូចនេះថា « ពេលណាយើងយកចំណេះ មកធ្វើជាគោលការណ៍ខ្លាំងពេក គឺវានឹងធ្វើឱ្យយើងមានអំនួត មើលងាយអ្នកដទៃថាអន់ជាងខ្លួន កាន់តែប្រកាន់ វាយឫក ក្រអឺតក្រទម ឆ្មើងឆ្មៃ ពូកែខាងអួត តែបើយើងយកគុណធម៌មកបំពាក់ឱ្យខ្លួនឯងថែមទៀត គឺយើងនឹងចេះឱ្យតម្លៃអ្នកដទៃ ចេះដឹងគុណអ្នកបង្រៀន ចេះដាក់ខ្លួនរៀនបន្ថែមពីសង្គមជុំវិញ និងចេះរកវិធីបង្រួមមនុស្សឱ្យចេះស្រឡាញ់គ្នា »។
សារនោះដែរ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន បានយកមកចែករំលែកតៗគ្នា ព្រមទាំងមានមហាជនមួយចំនួនយល់ច្រលំថា «សារនោះ រឿន ណាត សរសេរឡើងហាក់ចង់សំដៅទៅលើម្ចាស់ មកុដ Miss Universe Cambodia 2020។ លើសពីនោះ អ្នកលេងបណ្តាញសង្គមខ្លះទៀត ក៏លើកឡើងថា នាងហាក់ប្រកាន់បក្សពួក និង មិនពេញចិត្ត រ៉េត សារីតា » ។
យ៉ាងណាមិញ ក្រោយពីមានការចែករំលែក និង បញ្ចេញមតិយ៉ាងច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គមដូចខាងលើនេះ លោក ម៉ែន និមលរ័ត្ន នាយកប្រតិបត្តិ Aries Agency និង ជាអ្នករៀបចំកម្មវិធី Miss Universe Cambodia 2020 បានចេញមុខភ្លាមៗមកបញ្ជាក់ថា «សារ ដែល Miss Universe 2018 សរសេរឡើងនោះ មិនមែនចង់សំដៅទៅបុគ្គលណាម្នាក់ ឬ Miss Universe 2020 នោះទេ ។ លើសពីនោះ លោកក៏បានបង្ហោះរូបភាព ព្រមគ្នាចង់បង្ហាញថា សារនោះ រឿន ណាត ក៏ធ្លាប់បានសរសេរដូចគ្នាដែរកាលពីឆ្នាំ ២០១៩» ។
ទន្ទឹមនឹងការបញ្ជាក់ពី អ្នករៀបចំកម្មវិធី Miss Universe Cambodia 2020 អមជាមួយរូបភាពហើយនោះ លោក ម៉ែន និមលរ័ត្ន ក៏បានសរសេរសារបន្ថែមទៀតថា «Miss និង Miss គេមិនដែលមានបញ្ហានឹងគ្នាអីសោះ ! ណាស់តែអ្នកជ្រុលនិយមហួសហេតុ មកបង្កើតជាបញ្ហា ហើយចូលចិត្តដើរតួ ជាអ្នកវិនិច្ឆ័យជាងគណ:កម្មការទៅទៀត ។ ចូររៀនប្រើវិចារណញ្ញាណ ក្នុងការត្រិះរិះពិចារណាលើអ្វីមួយ ឲ្យបានត្រឹមត្រូវ និងសុដ្ឋិនិយម! ម្យ៉ាងទៀតក៏សុំបញ្ជាក់ថា Miss របស់យើងទាំងអស់ស្រលាញ់រាប់អានគ្នា ហើយនឹងផ្តោតលើការរវល់ និង ការងារផ្ទាល់ខ្លួន និង ការងារសង្គមរៀងៗខ្លួន អត់មានពេលគិតរឿងអត់ប្រយោជន៏នោះទេ! ហើយក៏កុំខាតពេល មកបំបែកបំបាក់អីដែរ » ៕