ស្នាដៃកូនខ្មែរ! អ្នកផាត់មុខល្បីឈ្មោះ ផាត់មុខតំណាងខេត្តសៀមរាប ស្អាតខ្លាំងបំផុត! (វីដេអូ)
មិនមែនជាលើកទី ១ នោះទេ ដែលអ្នកផាត់មុខល្បីឈ្មោះ អ្នកនាង ឌូ ពុធម៉ូលីតា ហៅ Apple បានបង្ហាញស្នាដៃ នៃការផាត់មុខនៅលើផ្ទៃមុខ ដោយការតុបតែង និង ច្នៃប្រឌិតចេញរូបភាពផ្សេងៗយ៉ាងគួរឲ្យទាក់ភ្នែក។
លើសពីនោះអ្វី ដែលកាន់តែធ្វើឲ្យអ្នកលេងបណ្តាញសង្គមតែងតែតាម like និង ចែករំលែករូបភាអ្នកផាត់មុខជំនាញរូបនេះតាមរយៈ fb «Apple love Makeup Gallery»គណនី និង IG «@applelovemakeup» របស់នាងជាច្រើននោះ ក៏ព្រោះតែ Apple តែងតែលើកយកពីអរិយធម៌ វប្បធម៌ និង វត្ថុផ្សេងៗតំណាងឲ្យប្រទេសកម្ពុជា យកមកបង្ហាញលើការផាត់មុខរបស់នាងជារឿយៗទៀតផង ។
យ៉ាងណាមិញ ថ្មីៗនេះ អ្នកផាត់មុខកូនខ្មែររូបនេះ បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមទាំងជាតិ និង អន្តរជាតិ បានកោតសរសើរនាងសារជាថ្មីម្តងទៀតហើយ ក៏ព្រោះតែ Apple បានជ្រើសរើសយករូបតំណាងខេត្តសៀមរាប ដែលជាប្រាសាទអង្គរវត្តមកផាត់ និង គូរលើផ្ទៃមុខរបស់នាង យ៉ាងស្រស់ស្អាតយ៉ាងខ្លាំង ។
ទន្ទឹមនឹងការបង្ហាញពីវប្បធម៌ កេរ្តិ៍ដំណែលរបស់កម្ពុជាលើផ្ទៃមុខហើយ Apple ក៏បានរៀបរាប់ពីចំណេះដឹងមួយចំនួនដែលនាងបានរៀនសូត្រដឹង ទៀតថា «ការផាត់មុខតំណាងខេត្ត ក្រុង ដែលខ្ញំស្រលាញ់ ! ថ្ងៃនេះសូមជូន ខេត្តសៀមរាប ប្រាសាទអង្គរ ។ ការច្របាច់បញ្ចូល ប្រាសាទដែលខ្ញុំស្រលាញ់ និង ជំនាញបែប សហសម័យនៃការផាត់មុខ ។ ប្រាសាទអង្គរវត្ត ឬ ប្រាសាទអង្គរតូច មានទីតាំងស្ថិតនៅភាគខាងជើង នៃក្រុងសៀមរាប នៃខេត្តសៀមរាប ដែលមានចម្ងាយប្រវែង ៧ គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាបតាមផ្លូវកូម៉ៃ ឬ ផ្លូវសាលដឺហ្គោល ។ ប្រាសាទអង្គរវត្ត ជាប្រាសាទព្រហ្មញ្ញសាសនាធំបំផុត និង ជាវិមានសាសនាដ៏ធំបំផុតនៅក្នុងលោក ។ ប្រាសាទនេះ ត្រូវបានកសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ដែលជាស្នាដៃដ៏ធំចម្បងអស្ចារ្យ និង មានឈ្មោះល្បីល្បាញរន្ទឺសុះសាយទៅគ្រប់ទិសទីលើពិភពលោក ។ ប្រាសាទនេះ សាងសង់ឡើងនៅដើមសតវត្សទី១២ ដែលស្ថិតនៅក្នុងរាជធានីយសោធរបុរៈ ។ ប្រាសាទនេះ ជាប្រាសាទតំណាងឱ្យភ្នំសុមេរុ ។ ប្រាសាទអង្គរវត្ត ជាប្រាសាទកសាងឡើងដើម្បីឧទ្ទិសដល់ព្រះវិស្ណុ។ ប្រាសាទនេះ ជាប្រាសាទ ដែលនៅគង់វង្សល្អបំផុតនៅក្នុងតំបន់អង្គរនេះ វាគឺជាប្រាសាទតែមួយគត់ ដែលបានបន្សល់ទុកនូវមជ្ឈមណ្ឌលសាសនាដ៏សំខាន់មួយ ចាប់តាំងពីមូលដ្ឋានគ្រឹះរបស់ខ្លួន ដំបូងព្រហ្មញ្ញសាសនាបូជាដល់ព្រះវិស្ណុ រហូតដល់សម័យក្រោយមក បានប្រែក្លាយជាបូជដ្ឋានព្រះពុទ្ធសាសនា ។ ប្រាសាទនេះស្ថិតនៅក្នុងរចនាបថអង្គរវត្តនៃស្ថាបត្យកម្មខ្មែរ។ ប្រាសាទអង្គរវត្តបានក្លាយជានិមិត្តរូប នៃប្រទេសកម្ពុជា» ។
សូមទស្សនារូបភាពផាត់មុខ ប្រាសាទអង្គរវត្ត របស់ Apple ខាងក្រោមនេះ ៖