របរចិញ្ចឹមឃ្មុំត្រូវប៉ាន់ណាស់ ចាប់ពីខែនេះទឹកឃ្មុំល្អ លក់បានថ្លៃ ១ ខែ រកចំណូលបានជិតម៉ឺនដុល្លារ
ចាប់ពីពាក់កណ្តាលខែធ្នូនេះទៅ ទឹកឃ្មុំជីរោទិ៍នឹងមានលក់ជាធម្មតាវិញហើយបន្ទាប់ពីដាច់ស្តុកមួយរយៈ ព្រោះតែកន្លងទៅឃ្មុំគ្មានផ្កាដើម្បីក្រេបលម្អង ។ ដោយសារឃ្មុំគ្មានលម្អងផ្កាសម្រាប់ក្រេបយកមកដាក់សំបុក ទើបពុំមានទឹកឃ្មុំលក់ជូនអតិថិជនមួយរយៈ តែចូលដល់ដើមខែធ្នូនេះផ្កាគមានច្រើន ទើបលោក ឆេន ផារី អ្នកប្រកបរបរចិញ្ចឹមឃ្មុំនៅខេត្តកំពង់ចាម បានដឹកធុងឃ្មុំដែលមានជាង ៣០០ ទូ ដោយក្នុងមួយទូមាន ៨ បង្គងឃ្មុំ ទៅដាក់ក្នុងចម្ការគដើម្បីឱ្យវាក្រេបលម្អងផ្កាគមកដាក់សំបុកទុកសម្រាប់គាត់ប្រមូលផល ។
ផ្កាគចេញផ្ការហូតដល់ ២ ខែទើបអស់ ហេតុនេះការប្រមូលផលទឹកឃ្មុំអាចប្រមូលបាន ៣ ដង ព្រោះត្រឹមរយៈពេល ២០ ថ្ងៃ គាត់អាចប្រមូលផលទឹកឃ្មុំម្តង ។ លោក ឆេន ផារី ប្រកបរបរចិញ្ចឹមឃ្មុំអស់រយៈ ៤ ឆ្នាំមកហើយបានបង្ហើបប្រាប់ថា ក្នុង ១ ខែ ឃ្មុំហុចផលឱ្យមិនក្រោមមួយម៉ឺនដុល្លារទេ ជាក់ស្តែងដូចជាពេលនេះគាត់មានឃ្មុំចិញ្ចឹមសរុបជាង ៣០០ ទូ បើគិតជាមធ្យមក្នុងរយៈពេល ២០ ថ្ងៃ ក្នុងឃ្មុំ ១០០ ទូមាន ៨០០ បង្គង ហុចផលជាទឹកឃ្មុំសុទ្ធចំនួន ៣០ កាន ដែលក្នុង ១ កាន ៣០ លីត្រលក់បាន ៣០០ ដុល្លារ ។
បើតាមលោក ឆេន ផារី ដែលជាអ្នកចិញ្ចឹមឃ្មុំម្នាក់នៅភូមិបឹងបាសាក់ ឃុំសំបួរមាស ស្រុកកំពង់ចាម ខេត្តកំពង់ចាម បានបង្ហើបឱ្យដឹងថា មុនដំបូងក្នុងការចាប់ប្រកបរបរចិញ្ចឹមឃ្មុំគឺលោកសាកល្បងចិញ្ចឹមឃ្មុំ ១ ទូមាន ៨ បង្គងប៉ុណ្ណោះ ដោយទិញពូជពីភ្នំពេញអស់ ១៥០ ដុល្លារក្នុង ១ ទូ ហើយប្រឹងស្រាវជ្រាវរៀនពីរបៀបចិញ្ចឹមឃ្មុំតាមយូធូប និង សួរពីរៀមច្បងដែលធ្លាប់ចិញ្ចឹមឃ្មុំរហូតអាចចេះផលិតពូជឃ្មុំខ្លួនឯងលក់ឱ្យអតិថិជនដែលមានបំណងចង់ចិញ្ចឹមឃ្មុំទៀតផង ។ លោក ឆេន ផារី បង្ហាញមហិច្ឆតាផ្ទាល់ខ្លួនថាគ្រោងនឹងពង្រីកបន្ថែមឱ្យបានចំនួន ១០០០ ទូនាពេលខាងមុខ ។
ទឹកឃ្មុំមានប្រយោជន៍យ៉ាងសំខាន់ក្នុងការព្យាបាលជំងឺ ១០០ មុខ ។ គេនិយមប្រើទឹកឃ្មុំជាឱសថយ៉ាងមានប្រសិទ្ធិភាព ដូច្នេះបើទឹកឃ្មុំសុទ្ធល្អនោះ គេមិនខ្លាច ឬស្ទាក់ស្ទើរក្នុងការទិញយកទៅប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃឡើយ ។ សត្វឃ្មុំក្រេបលម្អងផ្កា និង ផ្ដល់ផលជាទឹកឃ្មុំ បានចន្លោះ ២ លីត្រ ទៅ ៤ លីត្រក្នុងមួយទូ ដោយអាស្រ័យលើសុខភាពឃ្មុំនៅតាមទូចិញ្ចឹមនីមួយៗ ហើយលក់តម្លៃ ៨ ម៉ឺនរៀលក្នុងមួយលីត្រ ៕