មាន សូនីតា រៀបរាប់ទាំងទឹកភ្នែកទម្រាំជួបជុំដូចថ្ងៃនេះ នាងដូចជាក្មេងកំព្រាកាលនៅតូច (វីដេអូ)
មហាជនអ្នកគាំទ្រ ប្រាកដជាធ្លាប់បានឃើញហើយពីភាពរីករាយ និង សុភមង្គលរបស់រាជិនីក្រមា មាន សូនីតា ដែលតែងតែបង្ហាញនៅលើគណនីហ្វេសប៊ុក និង IG របស់នាងជារឿយៗ ។ ក្នុងនោះគេបានឃើញថា តារាស្រីរូបនេះហាក់ទទួលបានកម្លាំងចិត្ត និង ក្តីស្រឡាញ់គ្រប់ពេលនៅពេលទៅណាម្តងៗតែងតែមានអ្នកម្តាយទៅតាមខ្លួនជានិច្ច ។
យ៉ាងណាមិញ ក្រោយរូបភាពស្នាមញញឹមគ្រប់ពេលរបស់ មាន សូនីតា នៅមានរឿងរ៉ាវជាច្រើនដែលមហាជនអ្នកគាំទ្រមិនបានដឹងនោះទេពីភាពឯកាការ ខ្វះភាពកក់ក្តៅពីឪពុកម្តាយរបស់ខ្លួន ។
ថ្មីៗនេះតាមរយៈការបង្ហាញវីដេអូមួយនៅក្នុងកម្មវិធី «ចឹងហ្អ Jeng-Or» រាជិនីក្រមា មាន សូនីតា បានរៀបរាប់ពីរឿងរ៉ាវដ៏ឯការបស់នាងកាលពីប្រមាណជាជិត ២០ ឆ្នាំមុន ក្នុងនាមជាក្មេងស្រី ដែលឪពុកម្តាយបានលែងលះគ្នា ហើយនាងត្រូវរស់នៅជាមួយម្តាយមីង ព្រោះម្តាយបង្កើតត្រូវចាកចេញពីភ្នំពេញទៅធ្វើការតាមបណ្តាខេត្តដើម្បីរកប្រាក់ចិញ្ចឹមបីបាច់នាង ។
ក្នុងវីដេអូរៀបរាប់ទាំងទឹកភ្នែក មាន សូនីតា បានឲ្យដឹងថា «កាលពេលនៅតូចម្តាយចាកចេញទៅធ្វើការនៅខេត្តនាងមានអារម្មណ៍ថាខ្វះភាពកក់ក្តៅណាស់ ព្រោះតែពេលទៅរៀនម្តងៗ ឃើញម្តាយរបស់គេតែងតែមកមើលថែកូន ប៉ុន្តែងាកមករូបនាងវិញម្តាយនៅឆ្ងាយ មួយឆ្នាំជួបគ្នាបានតែ ៣ ដង នៅពេលបុណ្យទានធំៗប៉ុណ្ណោះ» ។
មាន សូនីតា បានឲ្យដឹងទៀត «ការឃ្លាតឆ្ងាយនេះព្រោះតែបញ្ហាជីវភាពកាលពេលនោះ ដូច្នេះមកដល់បច្ចុប្បន្ននាងមានអ្វីគ្រប់យ៉ាងអស់ហើយ តែនាងនៅតែគិតថាបើអាចចង់ឲ្យពេលវេលាកាលនៅពីតូចៗ នាងមានអ្វីគ្រប់យ៉ាងដូចនៅពេលនេះ ដើម្បីកុំឲ្យអ្នកម្តាយចេញទៅធ្វើការតាមខេត្តចោលនាង» ។
តោះចង់ដឹងថា តើនៅពីក្មេង មាន សូនីតា ជួបរឿងរ៉ាវ និង ខ្វះភាពកក់ក្តៅយ៉ាងណាពីក្រុមគ្រួសារ ទស្សនាវីដេអូខាងក្រោម ៖