ឧកញ៉ា ស្រី ចាន់ថន បរិច្ចាគ ៧៧ ៧៧៧ ដុល្លារ ទៅរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ១៩
ក្រោយពីទទួលដំណឹងល្អពីសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើផេកផ្លូវការកាលពីល្ងាចថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅនេះ ស្តីពីសម្តេចបានណែនាំមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ទិញវ៉ាក់សាំងកូវីដ ១៩ ចំនួន ១ លានដូស ក្នុងដំណាក់កាលដំបូង ដើម្បីចាក់ជូនអ្នកធ្វើការនៅកន្លែងមានហានីភ័យខ្ពស់ និង អ្នកដែលមានហានីភ័យនោះ គេកត់សម្គាល់ឃើញវត្តមានឧកញ៉ា អ្នកឧកញ៉ានៅកម្ពុជា ជាបន្តបន្ទាប់បានបរិច្ចាគថវិកាជូនរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមធ្វើការលើរឿងនេះផងដែរ ។
ជាមួយគ្នានេះដែរ នៅមុននេះបន្តិច ឧកញ៉ា ស្រី ចាន់ថន ដែលជាអគ្គនាយកក្រុមហ៊ុន Skyland 7NG និង ក្រុមគ្រួសារ ក៏បានសូមចូលរួមចំណែកជាទឹកប្រាក់ចំនួន ៧៧ ៧៧៧ ដុល្លារ (ប្រាំពីរម៉ឺនប្រាំពីរពាន់ប្រាំពីររយចិតសិបប្រាំពីរដុល្លារអាមេរិក) ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការទិញវ៉ាក់សាំងកូវីដ ១៩ ដើម្បីជួយបង្ការការពារប្រជាជនកម្ពុជាយើង ជៀសផុតពីការឆ្លងមេរោគកូវីដ ១៩ ផងដែរ ៕