ការជិត ១០ ឆ្នាំហើយ ជីវិតគូរបស់ ជា វិបុល និងភរិយា នៅតែផ្អែមល្ហែម ក្ដីសុខពេញទី!
ទស្សនិកជនប្រាកដជាបានដឹងរួចមកហើយថា លោក ជា វិបុល គឺជាពិធីករដ៏ល្បីល្បាញមួយរូប ដែលកំពុងតែមានមានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជនគ្រប់ស្រទាប់។ មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈប៉ុណ្ណោះទេ តែពិធីករឆ្នើមរូបនេះ ក៏កំពុងតែមានក្ដីសុខពេញទី ក្នុងជីវិតអាពាហ៍ពិពាហ៍ផងដែរ។
ក្នុងជីវីតគូ គេសង្កេតឃើញថា លោក ជា វិបុល និង អ្នកនាង គង់ សុជាតិ តែងបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាញឹកញាប់ណាស់ ដោយអ្នកទាំងពីរឧស្សាហ៍ដើរកម្សាន្ត នៅតាមរមណីយដ្ឋាននានា ដើម្បីឲ្យជីវិតប្ដីប្រពន្ធ កាន់តែមានភាពស្និទ្ធស្នាល និង ផ្អែមល្ហែម ថែមមួយកម្រិតទៀត។
ជាក់ស្ដែង កាលពីពេលថ្មីៗកន្លងទៅ ពិធីកររូបនេះ បានធ្វើឲ្យទស្សនិកជន កាន់តែចាប់អារម្មណ៍ និងប្លែកភ្នែកជាថ្មី ក្រោយពីបានឃើញ រូបលោក និងភរិយានាំគ្នា តែងខ្លួនស្លៀកពាក់តាមបែបសម័យបុរាណ នៅតាមជនបទ ព្រមទាំងបានថតរូបស្អាតៗជាច្រើន ឃើញហើយពិតជាគួរឲ្យសរសើរ និង ច្រណែនចង់បានជីវិតគូដ៏ផ្អែមល្ហែមបែបនេះទៀតផង។
គួរឱ្យដឹងថា កន្លងមក អ្នកនាង គង់ សុជាតិ ធ្លាប់ទម្លាយថា ៧ឆ្នាំនៃជីវិតអាពាហ៍ពិពាហ៍ ជីវិតស្នេហារបស់អ្នកនាង និង លោក ជា វិបុល ធ្លាប់ជួបប្រទះរឿងរ៉ាវជាច្រើន មានទាំងក្ដីសុខ និង ទុក្ខ តែយ៉ាងណា អ្នកទាំងពីរ នៅតែកាន់តែគ្នាមិនលែង ហើយ ដឹកដៃគ្នាឆ្លងកាត់ព្យុះភ្លៀង សាងសុភមង្គលគ្រួសារយ៉ាងពេញលេញ៕