ប្រជាកសិករមិនគួរមើលរំលងចំពោះដំណាំផ្សិតចំបើងឡើយ ព្រោះវាជួយឱ្យរកចំណូលបានសមរម្យសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និង ងាយស្រួលរកទីផ្សារលក់ដូរ ហើយជាដំណាំមួយប្រភេទដែលមិនពិបាករកវត្ថុធាតុដើម ថែមទាំងមានតម្លៃថេរផងដែរ ពោលគឺក្នុងមួយគីឡូក្រាមលក់បានតម្លៃ ១២០០០ រៀល ទៅ ១៦០០០ រៀល ។
លោក គ្រី សុជាតិ អាយុ ៥០ ឆ្នាំ រស់នៅអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានជំនាញបណ្តុះផ្សិតចំបើង និង ផ្សិតផ្សេងៗជាច្រើនទៀត ព្រមទាំងជាអ្នកបណ្តុះបណ្តាលពីវិធីដាំផ្សិតម្នាក់បានរៀបរាប់ថា «កសិករក្រៅពីការងារធ្វើស្រែគួរឆ្លៀតដាំផ្សិតលក់ ព្រោះមុខរបរនេះមានផ្សិតលក់ជាប់មិនខ្វះលុយចាយឡើយ ដោយសារផ្សិតគេអាចដាំបានគ្រប់រដូវឱ្យតែមានជំនាញច្បាស់» ។
ឆ្លងកាត់ការទៅរៀនដាំផ្សិតនៅប្រទេសថៃរយៈ ១ ឆ្នាំ និង មានវិញ្ញាបនបត្របញ្ជាក់ជំនាញពីលោក ចៅ ប៉េងណាំ ទើបពេលនេះលោក គ្រី សុជាតិ មិនត្រឹមមានកសិដ្ឋានផ្សិតចំបើងផ្ទាល់ខ្លួនប៉ុណ្ណោះទេ លោកថែមទាំងជាអ្នកបណ្តុះបណ្តាលលើជំនាញដាំផ្សិត លក់មេផ្សិត ទៀតផង ។
រាល់ថ្ងៃរាល់ខែលោកមានចំណូលរហូតដោយបានធ្វើឡផលិតមេផ្សិតលក់រយៈ ១០ ថ្ងៃ ចេញម្តងបាន ៦០០ កញ្ចប់ ដែលក្នុងមួយកញ្ចប់លក់ថ្លៃ ២០០០ រៀល អាចដាក់លាយជាមួយចំបើងបណ្តុះជាផ្សិតបាន ២ ម៉ែត្រក្រឡា ។ ក្រៅពីនោះលោកបានទទួលបណ្តុះបណ្តាលអ្នកដែលចង់ចេះជំនាញដាំផ្សិតនេះក្នុងម្នាក់យក ២០០ ដុល្លារ រយៈពេលជាង ២០ ថ្ងៃ ដោយបង្រៀនពីរបៀបធ្វើជាក់ស្តែងតាំងពីការរៀបចំដំបូងរហូតដល់ប្រមូលផល ដែលមានអ្នកមករៀនពីខេត្តផ្សេងៗពី ៥ ទៅ ៧ នាក់ក្នុងមួយវគ្គៗ ។
លោកបញ្ជាក់ថា វត្ថុធាតុដើមដែលអាចយកមកប្រើក្នុងការបណ្តុះផ្សិតចំបើង បើមានមុខណាងាយរកដូចជា ចំបើង, សំបកសណ្តែកបាយ, កំប្លោក, ដើមចេក ,សំបកឈូក, សំបកសណ្តែកសៀង, សំបកសណ្តែកខៀវ, ដើមពោត, ស្នូលពោត, សំបកពោត គឺយកវាទៅធ្វើបាន ដោយយកវត្ថុធាតុដើមនោះត្រាំទឹកលាយជាមួយកន្ទក់កំបោរស រួចដាក់មេផ្សិតរៀបតាមរងដែលបានត្រៀមទុក និង ៣ ទៅ ៤ ថ្ងៃស្រោចទឹកវាម្តងរយៈពេលតែ ១២ ថ្ងៃ អាចប្រមូលផលបានហើយ ។
ដំណាំផ្សិតនេះ ក្នុង ១ រោង ដែលមានផ្ទៃរាន ៥០ ម៉ែត្រក្រឡា ត្រូវចំណាយដើមទុនអស់ប្រមាណ ៣០ ម៉ឺនរៀល ហើយប្រមូលផលមកវិញគិតជាមធ្យមប្រមាណ ១ លាន ២ សែនរៀល ផលផ្សិតល្អប្រមូលបានត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បានចាប់ពី ១០០ ទៅ ១២០ គីឡូក្រាម ទៅតាមសុខភាពរបស់ផ្សិតផងដែរ ។
បណ្តុះផ្សិតមួយរងមានប្រវែងប្រមាណ ៨ ម៉ែត្រ ត្រូវប្រើវត្ថុធាតុផ្សំដូចជា កំបោរសចំនួនកន្លះគីឡូ មេផ្សិតចំនួន ១០ កញ្ចប់តូច និង កន្ទក់ចំនួនពីរក្តាប់ដៃ និង ចំបើងមួយកងធំ ។ ផ្សិតចំបើងងាយស្រួលដាំ មានតម្លៃទីផ្សារខ្ពស់ ហើយឱ្យផលក្នុងរយៈពេលខ្លីគឺ ប្រហែលជា ១២ ថ្ងៃ បន្ទាប់ពីបណ្តុះ ៕