នឹកណាស់ ! អតីតក្រុមចម្រៀង MKS រំសាយក្រុមជាង ១០ ឆ្នាំ ជុំគ្នាម្តងនេះចាស់ទុំអស់ហើយ
បើរំឮកកាលពីប្រមាណជា ២០ ឆ្នាំមុន ស្រទាប់យុវវ័យកាលពីជំនាន់ឆ្នាំ ២០០០ ប្រាកដជាបានស្គាល់ហើយក្រុមតារាចម្រៀងពេញនិយម MKS ។
កាលនោះក្រុមចម្រៀង MKS នេះដែរ ជាក្រុមចម្រៀងដំបូងក្នុងប្រទេសកម្ពុជា ដែលមានភាពល្បីល្បាញ និង ពេញនិយមយ៉ាងខ្លាំង ពោលបទចម្រៀងគ្រប់បទរបស់ក្រុម MKS ទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ដូចជាបទ «ជាសិទ្ធរបស់អូន» បទ «ស្លៀកពាក់តាមក្បួនតម្រា» បទ «គង់មានថ្ងៃណាមួយ» បទ «សូលីដាកំពូលស្នេហ៍» និង បទ «ប្រកែកប្រកាន់» ជាដើម ។
ម្យ៉ាងវិញទៀត លោកអ្នកប្រាកដជាចាំច្បាស់ពីសមាជិកទាំង ៤ រូប ដោយមានដូចជា លោក ហេង ពិទូ លោក វណ្ណា ពិសិដ្ឋ លោក ម៉ិញ បញ្ញាសុទ្ធ និង លោក ហេង សុភី ជាដើម ។
តួយ៉ាងក្រោយពីបំបែកក្រុមជាង ១០ ឆ្នាំហើយនោះ សមាជិកក្រុម MKS ម្នាក់ៗ ក៏បានបែកគ្នាទៅចាប់យកអាជីពរៀងៗខ្លួន ដោយខ្លះនៅជាតារាចម្រៀង ខ្លះទៀតក្លាយជាអ្នកនិពន្ធ និង ផលិតករផងដែរ ។
យ៉ាងណាមិញស្រាប់តែនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ នេះ លោក ហេង ពិទូ បានបង្ហោះរូបភាពកាលពីឆ្នាំ ២០០០ របស់ MKS និង ភ្ជាប់រូបភាពជុំគ្នាសារជាថ្មីនៅឆ្នាំ ២០២០ នេះធ្វើឲ្យអ្នកគាំទ្រនឹករលឹកយ៉ាងខ្លាំង ។
លើសពីនោះ លោក ហេង ពិទូ ក៏បង្ហោះសារគួរឲ្យអស់សំណើចមួយឃ្លាដែរថា « 2000 >2020. មេីលថ្ងាស់ក្រុមគេផង គ្មានអីអ៊ួតក្រៅពីសក់ជ្រុះទេ ហាហា»៕