ឡើងកប់! មកមើលកាដូខួបកំណើតកូនស្រីតែមួយរបស់ ស្រីអូន គម្រប់អាយុពីរឆ្នាំ!
ថ្មីៗនេះ ស្រីអូន ដែលត្រូវបានមហាជនដាក់រហស្សនាមថាជា រាជនីចិត្តធម៌នោះបានធ្វើឱ្យអ្នកគាំទ្រមានការលាន់មាត់សរសើរស្ទើរគ្រប់គ្នាក្រោយពីបានឃើញកាដូដ៏ស្រស់ស្អាតដែលនាង បានរៀបចំសម្រាប់កូនស្រីតែមួយជាទីស្រឡាញ់នៅក្នុងថ្ងៃខួបកំណើតគម្រប់អាយុពីរឆ្នាំ ។
សម្រាប់ខួបកំណើតកូនស្រីដំបូងរបស់ខ្លួនអាយុ ២ឆ្នាំ ស្រីអូន មិនបានរៀបចំពិធីអ្វីធំដុំអធិកអធមអ្វីសម្រាប់កូនស្រីឡើយ តែ នាងបានទិញនូវរថយន្តស៊េរីទំនើបមួយគ្រឿងជូនលោកឪពុក និង ខ្សែកពេជ្រដ៏ស្រស់ស្អាតជាកាដូដល់អ្នកម្តាយបង្កើត និង ម្តាយក្មេក ប៉ុន្តែស្រីអូន និង ស្វាមី មិនភ្លេចត្រៀមកាដូដ៏វិសេសវិសាលសម្រាប់កូនស្រីរបស់ខ្លួនឡើយ នោះគឺផ្ទះវីឡាប្រភេទឃីងធំស្កឹមស្កៃយ៉ាងស្រស់ស្អាត។ ក្នុងនោះ រាជនីចិត្តធម៌រូបនេះបានបញ្ចេញអារម្មណ៍ថា «វីឡាឃីងអេ ១៨ ខែ ទៀតទើបធ្វើហើយ កាដូស្រីតូចសងគ្រប់យ៉ាង ដែលប៉ាម៉ាក់មិនដែលមើលថែកូនតូច។ រីករាយថ្ងៃកំណើតគម្រប់ ខួបពីរឆ្នាំ»។
ក្នុងនោះ ក៏មានការជូនពរពីសំណាក់មហាជនដល់កូនស្រីរបស់ ស្រីអូន ឱ្យមានសុខភាពល្អ និង ឆ្លាតវាងវៃ ហើយខ្លះក៏បានសរសើរដល់វាសនាល្អរបស់ ស្រីតូច ដែលកើតក្នុងជង្រុកទ្រព្យសម្បត្តិបែបនេះ។
គួរឱ្យដឹងថា មិនត្រឹមតែមានទ្រព្យសម្បត្តិប៉ុណ្ណោះទេ ស្រីអូន ត្រូវបានគេមើលឃើញពីទឹកចិត្តដ៏ល្អប្រពៃរបស់នាង ដែលតែងតែចូលរួមនៅក្នុងកិច្ចការងារមនុស្សធម៌ជាច្រើន៕
រូបថត ៖ ហ្វេសប៊ុក