បាត់មុខ ឌី សុរៈក្ខិតា ពីក្រុមបវរកញ្ញា តាមពិតនាងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺមួយនេះ
មួយរយៈចុងក្រោយនេះ បន្ទាប់ពីកម្មវិធី Miss Universe Cambodia 2020 បានបញ្ចប់ គេកត់សម្គាល់ឃើញម្ចាស់ជ័យលាភីពីកម្មវិធីនេះ តែងបានបង្ហាញសកម្មភាពនានាជាច្រើន ក្នុងវិស័យបវរកញ្ញានេះ ប៉ុន្តែយ៉ាងណាក្នុងនោះបែរជាបាត់ម្ចាស់ជ័យលាភីរងទី ២ ឆ្នើមមួយរូប ដែលមិនសូវឃើញមានវត្តមានចូលរួមបង្ហាញខ្លួនសកម្មក្នុងក្រុមឡើយ នោះគឺបរវកញ្ញា ឌី សុរៈក្ខិតា ដែលធ្វើឱ្យគេសង្ស័យនាងលាលែងពីតំណែង ។
ជុំវិញបញ្ហាខាងលើនេះដែរ ក៏បានធ្វើឱ្យមហាជនអ្នកស្នេហាកម្មវិធីបរវរកញ្ញានៅកម្ពុជាមានការងឿងឆ្ងល់ ហើយបានចោទជាសំណួរ និង មានការបញ្ចេញមតិផ្សេងៗគ្នា ទៅលើការអវត្តមានរបស់បេក្ខភាពឆ្នើមមួយ ឌី សុរៈក្ខិតា ថាតើមានរឿងអ្វីបានកើតឡើងចំពោះរូបនាង ។
យ៉ាងណាមិញ តាមការឱ្យដឹងពីអ្នកគ្រប់គ្រងកម្មវិធីប្រកួត លោក មែ៉ន និមលរ័ត្ន បានបញ្ជាក់តាមសារព័ត៌មានក្នុងស្រុកមួយថា ទាក់ទាក់ទងនឹងការអវត្តមានលើបេក្ខភាពបរវរកញ្ញា ឌី សុរៈក្ខិតា នោះគឺបណ្ដាលមកពីនាង បានធ្លាក់ខ្លួនឈឺមានជំងឺគ្រុនឈីកយ៉ាងធ្ងន់ធ្ងរ ហើយបច្ចុប្បន្នថ្វីដ្បិតតែនាងបានចេញពីមន្ទីរពេទ្យក៏ពិតមែនក៏អាការរបស់នាងនៅពុំទាន់បានធូរស្បើយនោះដែរ ហើយសម្រាប់លោកនៅតែបន្តតាមដានមើលអាការនាងជាបន្ត ។
ក្នុងនោះដែរលោក មែ៉ន និមលរ័ត្ន ក៏បានបញ្ជាក់បន្ថែមទៀតថា ឌី សុរៈក្ខិតា ពុំបានបញ្ចប់កុងត្រាជាមួយកម្មវិធីប្រកួតដូចមហាជនបានសង្ស័យនោះឡើយ នាងនៅតែបន្តជាមួយកម្មវិធីដូចដើម ៕