ភ្ញាក់ផ្អើល! ខាន់ ជេមស៍ និង ហេង ពិទូ មានទំនាក់ទំនងពិសេសមួយតាំងពី ១១ ឆ្នាំមុន
ទោះបីជារំលងទៅច្រើនឆ្នាំ ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដជានៅតែចាំមិនភ្លេចពីទឹកដមសំឡេងដ៏ពីរោះក្នុងបទចម្រៀងចាស់ៗ ពោរពេញដោយមនោសញ្ចេតនារបស់តារាចម្រៀងប្រុសពីរដួងគឺលោក ខាន់ ជេមស៍ និង ហេង ពិទូ មិនខាន ដែលកន្លងមកតារាចម្រៀងប្រុសទាំងពីររូបនេះ ធ្លាប់ក្ដោបបានប្រជាប្រិយមិត្តយ៉ាងច្រើនផុសផុលពីសំណាក់ទស្សនិកជន ជាពិសេសមិត្តៗយុវវ័យ ។
មកដល់បច្ចុប្បន្ន តារាចម្រៀងប្រុសទាំងពីររូបនេះ នៅតែប្រឡូកក្នុងវិស័យសិល្បៈដើម្បីបម្រើអារម្មណ៍អ្នកគាំទ្រដដែល ហើយថ្មីៗនេះ ពួកគេថែមទាំងបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីអ្នកទាំងពីរបានសហការគ្នាបកស្រាយបទចម្រៀងរួមគ្នាដែលមានចំណងជើងថា «ក្លែងក្លាយ» ។
ក្រោយពីបទចម្រៀង «ក្លែងក្លាយ» ជ្រាបចូលដល់ក្រអៅបេះដូងអ្នកស្ដាប់ ស្រាប់តែថ្មីៗនេះ ខាន់ ជេមស៍ បានទម្លាយរូបថតមួយសន្លឹកដែលថតរវាងលោក និង ហេង ពិទូ កាលពី ១១ ឆ្នាំមុន បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរឡើយ ព្រោះថាតាមពិតទំនាក់ទំនងរវាងតារាប្រុស ២ រូបនេះ ជិតដិតនឹងគ្នាមិនមែនទើបតែ ១ ឆ្នាំ ឬ ២ ឆ្នាំទេ ប៉ុន្ដែពួកគេរាប់អានគ្នាជាង ១០ ឆ្នាំមកហើយ ។
ទន្ទឹមនឹងការទម្លាយពីទំនាក់ទំនងរបស់តារាចម្រៀងខាងលើ ក៏បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនដែលតែងតែគាំទ្រ និង ស្ដាប់បទចម្រៀងរបស់ពួកគេ ខំមិនរំឭកបទចាស់ៗរបស់ពួកគេក្នុងន័យរំភើបចិត្តជំនួសមិត្តភាពដ៏យូរឆ្នាំរបស់អ្នកទាំងពីរ ៕