ជិតដាច់ឆ្នាំ ២០២០ ហើយ រ៉ាប៊ី ខកបំណងរឿងមួយ!
មួយរយៈចុងក្រោយនេះ គេចាប់អារម្មណ៍ឃើញថា តារាចម្រៀងរូបស្រស់ រ៉ាប៊ី ហាក់មិនទាន់មានបទចម្រៀងថ្មីៗ វាយលុកនៅលើទីផ្សារនោះទេ ស្របពេលរបរជំនួញរបស់នាងដែលត្រៀមនឹងចាប់ផ្តើមនៅចុងឆ្នាំនេះក៏ត្រូវខកខានទៅទៀត ។
ក្រៅពីមានសម្រស់ស្រស់សោភា រ៉ាប៊ី ក៏ជាតារាចម្រៀងដែលមានឈ្មោះបោះសំលេងគួរសម នៅក្នុងផលិតកម្មថោន ជាពិសេសស្ទីលនៃការតែងខ្លួនរួម និង ក្បាច់រាំតែម្តង។ កន្លងមក អាចនិយាយបានថា មួយបទៗរបស់តារាចម្រៀងសាច់សខ្ចីរូបនេះ ល្បីខ្លាំងមិនធម្មតាទេ ប៉ុន្តែមួយរយៈចុងក្រោយនេះ រ៉ាប៊ី ហាក់មិនទាន់មានសកម្មភាពថ្មីៗនៅឡើយទេ ខណៈមិត្តរួមផលិតកម្ម កញ្ញា ស៊ូ ស៊ីរីកា កំពុងផ្ទុះខ្លាំង ក្រោយបកស្រាយបទចម្រៀងថ្មីមួយបទមានចំណងជើថា «ជំនូន»។
ស្របពេលការងារសិល្បៈស្ងប់ស្ងាត់ រ៉ាប៊ី ក៏ខកបំណងដោយសារ គម្រោងរកស៊ីរបស់នាង ក្នុងការបើកលក់ផលិតផលរក្សាសម្រស់ក៏មិនទាន់ដំណើរការ ខណៈនាងបានត្រៀមទីតាំងរួចរាល់អស់ហើយក្ដី។ បើយោងតាមប្រភព ដែលស្និទ្ធជាមួយតារាស្រីរូបនេះបានឱ្យដឹងថា រ៉ាប៊ី គ្រោងនឹងចេញទៅយកផលិតផលដោយខ្លួនឯង នៅក្រៅប្រទេស តែដោយសារកូវីដ១៩ មិនទាន់ធូរស្រាលទើបនាងផ្អាកសិន។
ថ្វីដ្បិតតារាចម្រៀងល្បីៗមួយចំនួននៅក្នុងផលិតកម្មថោន បានចាកចេញក៏ពិតមែនតែ រ៉ាប៊ី មិនមានបំណងនឹងផ្លាស់ប្តូរទ្រនំថ្មីឡើយ ប៉ុន្តែគេរំពឹងថាស្រីស្អាតរូបនេះ នឹងមានបទចម្រៀងថ្មីៗតម្រូវចិត្តហ្វេនៗ នាពេលខាងមុខនេះ ខណៈដែលផលិតកម្មថោន បានសហការជាមួយផលិតកម្ម GMM Grammy របស់ប្រទេសថៃ កាលពីពេលថ្មីៗនេះ៕
រូបថត ៖ ហ្វេសប៊ុក