តារាពហុជំនាញ Ting Tong ចែករំលែកបទពិសោធសម្តែងជាភេទទី ៣ ក្នុងរឿងអប់រំ
មហាជនដែលធ្លាប់បានទស្សនាខ្សែភាពយន្ត «វិប្ហលាស» ប្រាកជាបានស្គាល់មកហើយនូវតួអង្គមួយរូបក្នុងខ្សែរឿងនេះ គឺ Ting Tong ដែលមានទេពកោសល្យជាច្រើនក្នុងវិថីសិល្ប ។ ក្នុងនោះ គេបានដឹងថា Ting Tong មិនត្រឹមតែមានជំនាញផ្នែកសម្តែងតែម្យ៉ាងនោះទេ ជាការពិតតារាវ័យក្មេងរូបនេះ គឺជាតារាចម្រៀង Original Song និង ជាអ្នកច្រៀងភ្លេងការទៀតផង ។
តួយ៉ាងថ្មីៗនេះដែរ តារាពហុជំនាញរូបនេះបានបង្ហាញវត្តមានសាជាថ្មីនៅក្នុងខ្សេភាពយន្តថ្មីមួយមានចំណងជើងថា «ហានិភ័យស្នេហ៍» ដោយរឿងនេះ Ting Tong បានសម្តែជាតួអង្គភេទទី ៣ ពោលគឺបុរសស្រឡាញ់បុរស ដែលហាក់ខុសប្លែកពីរឿងមុនៗ ។
តាមរយៈបទពិសោធនៃការសម្តែងជាតួអង្គភេទទី ៣ នេះ Ting Tong បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា «វាហាក់ពិបាកបន្តិច នៅត្រង់ឈុតឆាកស្និទ្ធស្នាលមួយចំនួនរវាងតួប្រុស ហើយបើនិយាយពីអត្តចរិតខ្លះវិញគឺងាយស្រួលព្រោះតែ តួអង្គដែលលោកសម្តែងមានភាពលេងសើចច្រើន ដូចចរិតលោកនៅខាងក្រៅ» ។
អ្វីដែលកាន់តែធ្វើឲ្យ Ting Tong រីករាយក្នុងការសម្តែងរឿង «ហានិភ័យស្នេហ៍» នេះទៀតនោះ ក៏ព្រោះតែលោកអាចចែករំលែកនូវចំណេះដឹង ពាក់ព័ន្ធនឹងផ្លូវភេទដល់មហាជន ជាពិសេសដល់យុវវ័យ ព្រោះបញ្ហានេះដែរ ភាគច្រើនមនុស្សទូទៅអាចនឹងកម្រនិយាយបណ្តាលមកពីភាពអៀនខ្មាស ។
Ting Tong បានបន្ថែមទៀតថា ក្នុងរឿងនេះ លោកមិនត្រឹមតែមានការសម្តែងនោះទេ តែលោកក៏មានចម្រៀងមួយបទអមមកជាមួយគ្នាដែរ នឹងត្រៀមចេញក្នុងពេលឆាប់ៗខាងមុខនេះ មានចំណងជើងថា «ហានិភ័យស្នេហ៍» ៕