នៅសុខៗ បេនី យ៉ាំង ទម្លាយអារម្មណ៍ពិត រឿងជួបព្យុះភ្លៀងនឿយហត់ច្រើនក្នុងជីវិត
នៅក្នុងជីវិតក្រៅសិល្បៈរបស់តារាសម្ដែងស្រីសាច់សខ្ចី រាងស្រលូន បេនី យ៉ាំង មហាជនតែងតែបានឃើញហើយថា នាងមានជីវិតបែបស៊ីវិល័យ និយមប្រើរបស់ទំនើបទាន់សម័យ មានផ្ទះវីឡាស្កឹមស្កៃរស់នៅ ថែមទាំងមានជំនួញក្នុងដៃជាច្រើន។
ទោះបីជាមើលសំបកក្រៅហាក់បីដូចជាមានជីវិតសុខសាន្ដពេញលេញ តែមុននឹងឈានដល់ចំណុចមួយនេះដូចសព្វថ្ងៃនេះ បេនី យ៉ាំង ក៏ធ្លាប់ឆ្លងកាត់រឿងរ៉ាវឧបសគ្គ និង ព្យុះភ្លៀងបោកបក់មកក្នុងជីវិតជាច្រើន ដែលមហាជនមួយចំនួនប្រហែលជាកម្របានដឹង។
ទាក់ទងទៅនឹងឧបសគ្គ ក៏ដូចជាបញ្ហាទាំងឡាយដែលនាងបានជួបប្រទះនាពេលកន្លងទៅ ថ្មីៗនេះ ត្រូវបាននាងលើកយកមកទម្លាយជាសាធារណៈ នៅក្នុងបណ្ដាញសង្គមរបស់នាងផ្ទាល់ទៀតផង។ ក្នុងនោះ តារាស្រីរាងស្រលូនរូបនេះ បានសរសេររៀបរាប់ថា ៖ «កូនគេអ្នកមាន គេមានម៉ាក់ប៉ាជួយជ្រោមជ្រែង ចំណែកយើងកូនអ្នកក្រដៃម្ខាងជួយម៉ែ ឱ ដៃម្ខាងទៀតត្រូវប្រឹងជួយខ្លួនឯង មិនតូចចិត្តនឹងព្រេងវាសនាខ្លួនឯងទេ ព្រោះមនុស្សម្នាក់ៗមានសំណាងមិនដូចគ្នា ខ្ញុំក៏មិនដែលរំពឹងទៅលើសំណាងដែរ ព្រោះខ្ញុំដឹងថាបើខ្ញុំមិនប្រឹងដោយខ្លួនឯងទេគ្មានអ្នកណាមកជួយខ្ញុំឡើយ អរគុណខ្លួនឯងសម្រាប់ដំណើរជីវិតតស៊ូនេះ ព្យុះភ្លៀងហត់នឿយយ៉ាងណាក៏នៅទៅមុខបាន ចាំណាកុំធ្វើខ្លួនជាមនុស្សស្រីដេករំពឹងសំណាងត្រូវតែធ្វើជាមនុស្សស្រីដែលរឹងមាំចិត្តកាយអាចធ្វើអ្វីគ្រប់យ៉ាងដោយខ្លួនឯង»៕