ចេះរកនឹកឃើញ សួស វីហ្សា និងស្វាមី ថតរូបប្លែកភ្នែក មើលទៅមិនច្រឡំគេតែម្ដង!
បន្ទាប់ពីទទួលបានសមាជិកថ្មី ជាកូនស្រីដែលមានរូបរាងគួរឱ្យក្នាញ់រួចមក គេសង្កេតឃើញថាគ្រួសារតូចរបស់តារាចម្រៀង សួស វីហ្សា កាន់តែមានសុភមង្គលថែមមួយកម្រិតទៀត ជាពិសេសជាញឹកញាប់ គ្រួសារមួយនេះតែងតែដឹកដៃគ្នាថតរូបជាច្រើន បែបលក្ខណៈគ្រួសារទុកជាកម្រងអានុស្សាវីយ៍ទៅថ្ងៃខាងមុខ។
ក្រោយពីរូបភាពជាច្រើន ត្រូវបានបញ្ចេញជាសាធាណៈរួចមក ឃើញថាទស្សនិកជនមានការគាំទ្រយ៉ាងខ្លាំង និង សរសើរមិនដាច់ពីមាត់ដល់គ្រួសារមួយនេះ ដែលមានភាពប៉ិនប្រសប់ ចេះរកនឹកឃើញរៀបចំស្ទីលថតរូបបែបប្លែក ថ្មីៗជាហូហែរតែម្ដង។
អ្វីដែលកាន់តែថ្មីបន្ថែមទៀតនោះគឺ រូបភាពប៉ុន្មានសន្លឹកដែល អ្នកនាង សួស វីហ្សា បានបង្ហោះលើកនេះ គឺពិតជាគួរឱ្យចាប់អារម្មណ៍ និងបែបកំប្លែងអស់សំណើចខុសពីធម្មតាទៀតផង។ ក្នុងនោះផងដែរ តារាស្រីរូបនេះបានឆ្លៀតសរសេរសារមួយឃ្លាបែបកំប្លុក កំប្លែងបន្ថែមភ្ជាប់មកជាមួយថា ៖ «ពេលទំនេររបស់ម៉ែឱ Jenny គឺលេងប៉ាវស៊ីងស៊ុង បើមិនអ៊ីចឹងទេគឺរកទំនុកកូរពេញផ្ទះ ម្យ៉ាងដែរប្តីប្រពន្ធស្មើដៃគ្នាណាស់»។ និយាយឱ្យស្រួលស្តាប់ទៅគឺគូរខ្ញុំមិនច្រឡំគេទេ»៕