ទម្រាំជោគជ័យដូចថ្ងៃនេះ តួស្រីរឿង «ប្រហុកក្រអូប» ធ្លាប់ដេកនៅចិញ្ចើមផ្លូវយ៉ាងកម្សត់
បើរំឮកទៅកាន់ការប្រកួតបវរកញ្ញា Miss Cambodia ឆ្នាំ ២០១៦ លោកអ្នកប្រាកដជាបានស្គាល់មកហើយ នូវជ័យលាភីរងទី ២ កញ្ញា ឆាយ នីតា ។
ក្នុងនោះដែរ ក្រោយពីបានក្លាយជាបវរកញ្ញា និង សាងកេរ្តិ៍ឈ្មោះលើវិស័យសិល្បជាច្រើនឆ្នាំហើយនោះ តារាស្រីរូបនេះ ក៏បានក្លាយទៅជាតារាសម្តែងមួយរូបដែលកំពុងលេចធ្លោខ្លាំងក្នុងវិស័យខ្សែភាពយន្តផងដែរ ដោយនាងបានចូលរួមសម្តែងជាតួអង្គឯកជាច្រើនមកហើយក្នុងខ្សែរឿងភាគមួយចំនួន ។ លើសពីនោះដែរ មុននឹងសាងកេរ្ត៍ឈ្មោះលើវិថីសិល្បនោះ ឆាយ នីតា ក៏ធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសថែមទៀតផង ។
មហាជនអ្នកគាំទ្រ ជាពិសេសអ្នកធ្លាប់ទស្សនាខ្សែរឿងភាគ របស់តារាស្រីវ័យក្មេងរូបនេះនៅលើកញ្ចក់ ច្បាស់ណាស់ប្រាកដជាធ្លាប់បានឃើញពីសមត្ថភាព និង ភាពជោគជ័យរបស់នាងជាក់ជាមិនខាន ប៉ុន្តែរឿងរ៉ាវនៅពីក្រោយភាពជោគជ័យទម្រាំមានថ្ងៃនេះជីវិតឯកជនរបស់ ឆាយ នីតា មានរឿងរ៉ាវ និង ភាពលំបាកមិនតិចទេដែលនាងធ្លាប់បានឆ្លងកាត់ សូម្បីតែដេកតាមចិញ្ចើមថ្នល់ក៏នាងធ្លាប់ដែរ ។
កញ្ញា ឆាយ នីតា បានប្រាប់មកកាន់ «ប្រជាប្រិយ» ថា «ទម្រាំ នាងជោគជ័យដូចថ្ងៃនេះ គឺនាងប្រឹងប្រែង និង តស៊ូខ្លាំងណាស់ ហើយ កាលពីតូច នាងធ្លាប់គេងនៅចិញ្ចើមថ្នល់ទាំងគ្រួសារ ក៏ព្រោះតែភ្លើងឆេះផ្ទះ» ។
តារាសម្តែងរូបនេះ បានបន្ថែមទៀតថា « កាលនោះ នាងមានអាយុប្រហែលជា ៩ ឆ្នាំ ប៉ុណ្ណោះ ! ពេលនោះ នាង និង បងស្រី ត្រលប់មកពីរៀនវិញ ស្រាប់តែផ្ទះត្រូវភ្លើងឆេះខ្ទេចគ្មានសល់នោះទេ គឺនៅសល់តែសៀវភៅក្នុងកាតាបស្ពាយ និង ឈុតរៀនប៉ុណ្ណោះ ហើយទម្រាំតែមានបាន មានផ្ទះរស់នៅមកវិញឪពុកម្តាយ បងស្រី និង នាងគឺខិតខំប្រឹងប្រែងខ្លាំងណាស់ » ។
យ៉ាងណាមិញ រយៈពេលជាច្រើនឆ្នាំមកហើយ គ្រោះអាក្រក់នេះក៏បានរំលងផុតពីជីវិត របស់ ឆាយ នីតា ក៏ពិតមែន ប៉ុន្តែនាងនៅតែមានអារម្មណ៍ក្តុកក្តួលនៅពេលនឹកឃើញដល់រឿងនេះម្តងៗ ៕