ជាប់ខ្នោះអត់អំពើ! សុខៗបង្កើតគណនីក្លែងក្លាយផុសជេរ ចន ច័ន្ទលក្ខិណា «មីស្រីថោក»
អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនកំពុងផ្ទុះការភ្ញាក់ផ្អើល និង ចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីតារាសម្ដែងអ្នកនាង ចន ច័ន្ទលក្ខិណា ស្រាប់តែបង្ហោះរូបថតបុរសម្នាក់ត្រូវប៉ូលិសចាប់ដាក់ខ្នោះដៃទាំងសងខាងលើ ទំនងជាពាក់ព័ន្ធរឿងបង្កើតគណនីក្លែងក្លាយជេរប្រមាថដល់អ្នកនាងសុទ្ធតែពាក្យអសុរោះ ដូចជាពាក្យ «មីស្រីថោក» ជាដើម បង្កឱ្យខូចកិត្តិយសក្នុងនាមជានារីខ្មែរ និង ជាសិល្បការិនីម្នាក់ ។
ដោយទ្រាំលេបកំហឹងនេះមិនបាន អ្នកនាង ចន ច័ន្ទលក្ខិណា បានដាក់ពាក្យបណ្ដឹងសុំឱ្យអាជ្ញាធរជួយរកយុត្តិធម៌កាលពីឆ្នាំមុនមកម្ល៉េះ ហើយពេលថ្មីៗនេះ អ្នកនាងក៏ទទួលបានយុត្តិធម៌នោះ ។ ទន្ទឹមនឹងបានទទួលភាពយុត្តិធម៌នេះ តារាស្រីរូបនេះបានបង្ហោះសារមួយរៀបរាប់ឌឺដងទៅបុរសនោះនៅលើគណនីហ្វេសប៊ុកបង្ហាញមុខឱ្យសាធារណជនបានឃើញច្បាស់ៗថា «កាលនោះអូនជំរុញឱ្យបងប្តឹង បងមិនចង់ទេ តែអូនជំរុញបងពេក បងក៏ជូនតាមសំណើ ទីបំផុតអូនទទួលបានសំណើមែន» ។
យ៉ាងណាមិញ បើតាមការលើកឡើងរបស់តារាសម្ដែង ចន ច័ន្ទលក្ខិណា តាមពិតពីដំបូងអ្នកនាងមិនចង់ឱ្យរឿងរ៉ាវឡើងដល់តុលាការនោះទេ ប៉ុន្ដែជនខាងលើចេះតែផ្កើន និង បង្ខំឱ្យអ្នកនាងដាក់ពាក្យបណ្ដឹង ទើបចុងក្រោយបុរសនោះមានលទ្ធផលជាប់ខ្នោះបែបនេះ ៕