ប្រឡូកសិល្បៈ ៣ ឆ្នាំ ខ្លឹម ស្រីគា ទើបប៉ះ សាយ សៀរ៉ា ជាលើកដំបូង!
គ្រាន់តែសម្រកទម្ងន់ភ្លាមអតីត Miss Grand Cambodia ឆ្នាំ ២០១៧ ខ្លឹម ស្រីគា ក្តោបបានទីផ្សារសិល្បៈជាថ្មីម្តងទៀត ក្រោយស្ងាត់មួយស្របក់ធំ ហើយថ្មីៗនេះនាងទើបតែទទួលបានការថតរឿងថ្មី ដោយឆក់បានតំណែងជាតួឯកជាមួយលោក សាយ សៀរ៉ា ទៀតផង។
បើទោះជាការប៉ះគ្នាជាលើកដំបូងក៏ពិតមែន តែមិនមានការលំបាកសម្រាប់ ខ្លឹម ស្រីគា និង លោក សាយ សៀរ៉ា នោះទេ ព្រោះកន្លងមកអ្នកទាំងពីរធ្លាប់ស្គាល់គ្នាជាច្រើនឆ្នាំមកហើយ តាមរយៈការធ្វើការងារសង្គម និង កម្មវិធីនានា គ្រាន់តែមិនដែលបានសម្តែងរួមគ្នាប៉ុណ្ណោះ។
យ៉ាងណាមិញ ខ្លឹម ស្រីគា រំពឹងថារឿងថ្មីដែលនាងសម្ដែងជាតួឯង មានចំណើងជើងថា «គ្រូចិញ្ចឹមខ្មោច» នេះ នឹងកាន់តែត្រួសត្រាយប្រជាប្រិយភាព របស់នាងនៅក្នុងឆ្នាំថ្មី ២០២១ ខាងមុខនេះ ក្រោយស្ងាត់ការសម្តែងមួយរយៈ។ មិនតែប៉ុណ្ណោះ ស្រីស្អាតរូបនេះ ក៏បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលបានសម្តែងរួមគ្នាជាមួយតារារៀមច្បងលោក សាយ សៀរ៉ា។ ចំណែកឯលោក សាយ សៀរ៉ា ឯណេះវិញ បានលើកឡើងថា នេះជារឿងដំបូងសម្រាប់លោក ក្រោយស្ងាត់ការថតមួយឆ្នាំមកហើយ ចំពោះរូបលោក ក៏រីករាយដែរ ដែលបានសម្តែងរួមគ្នាជាមួយ ខ្លឹម ស្រីគា។
គួរឱ្យដឹងថា ខ្លឹម ស្រីគា ចាប់ផ្តើមលេចមុខលេចមាត់ជាថ្មី ក្រោយពីនាងបានសំងំសម្រករាងបានស្រឡូនស្អាតមកវិញ តែយ៉ាងណា Miss Grand Cambodia រូបនេះនៅតែបារម្ភខ្លាចឡើងទម្ងន់មកវិញ ដោយនិយាយបែបលេងសើចថា សម្រាប់នាងពេលនេះ គ្រាន់តែលេបទឹកមាត់ក៏ធាត់ដែរ។ បន្ថែមពីនេះ គ្រាន់តែស្រកទម្ងន់ភ្លាម ខ្លឹម ស្រីគា ក៏ចាប់ផ្តើមមានការងារសិល្បៈជាបន្តបន្ទាប់ ដែលមានដូចជា ការសម្ដែង ការថតស្ប៉តពាណិជ្ជកម្មនានា និង សម្អាងការជាដើម។ ក្រៅពីការងារទាំងនេះ ខ្លឹម ស្រីគា ក៏ជាអ្នកលក់ផលិតផលរក្សាសម្រស់មួយរូបផងដែរ៕
រូបថត ៖ ហ្វេសប៊ុក