អីយ៉ាស់! ជិតចូលឆ្នាំ ២០២១ ប៉ែន ស្រីពេជ្រ ចាប់ផ្តើមភ័យបុកពោះខ្លាំង
នៅប្រមាណជា ១០ ថ្ងៃទៀតប៉ុណ្ណោះ ពិធីការិនីរូបរាងខ្ពស់ស្រឡះ ប៉ែន ស្រីពេជ្រ នឹងចូលរោងជ័យទៅតាមប្រពៃណីខ្មែរតាមការគ្រោងទុកហើយ តែអ្វីដែលចាប់អារម្មណ៍កាន់តែកៀកដល់ថ្ងៃពិសេស ពិធីការិនីរូបនេះបែរជាបង្ហើបថាមានអារម្មណ៍ភ័យៗ ។
បើតាមគម្រោង ប៉ែន ស្រីពេជ្រ ត្រូវចូលរោងការនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១ ខាងមុខនេះ ហើយពេលនេះនាងក៏ធូរចិត្តដោយអាចរៀបចំពិធីធម្មតាបានដោយគ្រាន់តែរក្សាគម្លាតដើម្បីតម្រូវទៅតាមស្ថានភាពនាពេលបច្ចុប្បន្ន ។ ពេលនេះដែរ ប៉ែន ស្រីពេជ្រ ក៏បានត្រៀមរួចរាល់សម្រាប់ពិធីអស់ហើយ នៅឡើយតែរង់ចាំថ្ងៃពិសេសនេះមកដល់តែប៉ុណ្ណោះ តែកាន់តែកៀកជិតដល់ថ្ងៃពិសេស ពិធីការិនីរូបនេះបែរជាលើកឡើងថាចាប់ផ្តើមរាងភ័យៗ ដែលធ្វើឱ្យ មិត្តភក្តិរួមអាជីពនាំគ្នាចំអន់ ស្ទើរគ្រប់គ្នា ។
ដ្បិតជាពិធីការិនីស្រករក្រោយមែន តែ ប៉ែន ស្រីពេជ្រ ក៏ជាពិធីការិនីដែលមានឈ្មោះបោះសំឡេងម្នាក់ដែរនៅក្នុងទូរទស្សន៍ហង្សមាស ដែលភាគច្រើននាងលេចមុខនៅក្នុងកម្មវិធីប្រគំតន្ត្រីផ្សាយផ្ទាល់ ហើយចុងក្រោយនេះគេសង្កេតឃើញថាការរៀបចំខ្លួនរបស់នាងក៏កាន់តែកាលីប និង ទាក់ទាញប្លែកជាងមុន ។ ក្រោយរៀបការរួច ប៉ែន ស្រីពេជ្រ នៅតែបន្តអាជីពនេះដដែលដោយមិនមានការរារាំង ឬ ប្រចណ្ឌពីសំណាក់ស្វាមីឡើយ ព្រោះថាមុននឹងសម្រេចចិត្តភ្ជាប់ពាក្យ នាង និង អនាគតស្វាមីក៏បានស្វែងយល់ចិត្តថ្លើមគ្នាជាយូរឆ្នាំហើយដែរ ៕