រឿន ណាត តារាស្រីដំបូង ប្រកាសការប្រឆាំងដាច់ខាតការចាប់ស្វាខ្វះបច្ចេកទេស នៅតំបន់អង្គរ
ក្រោយឃើញសកម្មភាពនៃការចុះចាប់សត្វស្វានៅតំបន់អង្គរពីសំណាក់អាជ្ញាធរដោយមានការចូលរួមពីមន្ត្រីអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ហាក់ខ្វះបច្ចេកទេសបាញ់ទម្លាក់ចុះពីលើដើមឈើ បោកផ្ទប់នឹងថ្មប្រាសាទ បានធ្វើឱ្យមហាជនទាំងជាតិ និង អន្តរជាតិ មានការផ្ទុះប្រតិកម្មជាខ្លាំង ។
តាមរយៈវីដេអូ ដែលគេកំពុងចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុកកំពុងផ្ទុះល្បីដល់មជ្ឈដ្ឋានអន្តរជាតិជាច្រើន ចំពោះការចាប់ដោយខុសបច្ចេកទេសបែបនេះ មានប្រជាពលរដ្ឋដែលនៅក្នុងតំបន់ផ្ទាល់បានផ្ទុះប្រតិកម្មជាខ្លាំង រហូតដល់មានពលរដ្ឋខ្លះយំស្រក់ទឹកភ្នែក នៅពេលឃើញទិដ្ឋភាពការចាប់ដោយខ្វះបច្ចេកទេសបែបនេះ ។
ក្នុងនោះដែរ សិល្បការិនីមួយរូប កញ្ញា រឿន ណាត បវរកញ្ញាចក្រវាល ឆ្នាំ ២០១៨ បានក្លាយជាតារាស្រីដំបូងគេបានចេញប្រតិកម្មដូចគ្នាដែរនៅលើបញ្ហាពាក់ព័ន្ធរឿងរ៉ាវខាងលើនេះ ។ កញ្ញា រឿន ណាត បានបង្ហោះសារក្នុងន័យប្រឆាំងដាច់ខាតរបស់ខ្លួនថា «នាងខ្ញុំសូមប្រឆាំងដាច់ខាត នូវការចាប់ស្វានៅតំបន់ប្រសាទ ជាពិសេសគឺចាប់ដោយគ្មានបច្ចេកទេសត្រឹមត្រូវដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ស្វា ។ ពួកគាត់បាននិយាយថាសត្វស្វាបានរំខានដល់មនុស្ស និង ភ្ញៀវទេសចរណ៍ តែខ្ញុំយល់ថាសត្វស្វាជាចំណែកមួយនៃការទាក់ទាញភ្ញៀវទេសចរណ៍ទៅវិញទេ ។ ហេតុអីក៏ពួកគាត់គ្មានក្តីមេត្តាអាណិតអាសូរបែបនេះទៅវិញ!!!!???? » ៕