មូលហេតុនេះសោះ ទើបក្រុមចម្រៀង MKS សម្រេចវិលមកជាថ្មី ក្រោយរំសាយក្រុម ២០ ឆ្នាំ
ក្រុមចម្រៀងពេញនិយម កាលពីកំឡុងឆ្នាំ ២០២០ «MKS» បានបង្ហើបនូវការវិលត្រលប់សារជាថ្មីរបស់ខ្លួនតាមរយៈរូបភាពលោក ហេង ពិទូ បានបង្ហើបកាលពីថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២០ នោះ បានធ្វើឲ្យមហាជនអ្នកគាំទ្រទាំងក្មេងទាំងចាស់រំភើបចិត្តយ៉ាងខ្លាំង នៃការជួបជុំគ្នារបស់ក្រុមចម្រៀងនេះ ក្នុងឆ្នាំ ២០២០ ជាថ្មី។
ក្នុងនោះ សមាជិកទាំង ៤ រូប ដោយមានលោក ហេង ពិទូ លោក វណ្ណា ពិសិដ្ឋ លោក ម៉ិញ បញ្ញាសុទ្ធ និង លោក ហេង សុភី ហើយនោះ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ មហាជនអ្នកគាំទ្រកាន់តែអន្ទះសារបន្ថែមទៀត ក្រោយពីរូបភាពក្រៅឆាកនៃការថត MV របស់ក្រុម MKS ត្រូវបានចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុក ។
ក្នុងនោះដែរ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២០ ក្រុមចម្រៀង «MKS» បានឲ្យដឹងថា បទចម្រៀងដំបូង ដែលនឹងត្រូវលើកយកមកបកស្រាយ និង បង្ហាញសារជាថ្មីក្រោយបែកគ្នាអស់រយៈពេល ២០ ឆ្នាំ នោះ គឺបទ «ពេលដែលត្រូវបែក» ហើយបទនេះ នឹងចេញជាផ្លូវការនៅថ្ងៃទី ៣១ ខែធ្នូ នេះហើយ។
ទន្ទឹមនឹងការត្រៀមបង្ហាញខ្លួនសារជាថ្មី សមាជិកទាំង ៤ នៃក្រុមចម្រៀង «MKS» នេះដែរ បានឲ្យដឹងពីមូលហេតុនៃការរួមគ្នាជាថ្មីនៅឆ្នាំ ២០២០ នេះ ក៏ព្រោះតែមានការសំណូមពរច្រើនពីសំណាក់អ្នកគាំទ្ររបស់ពួកលោក ហើយពួកលោកក៏បានពិភាក្សាគ្នាបើសិនជាអាចធ្វើបានពិតជាល្អ។ ដូច្នេះ ពេលនេះ «MKS» ត្រលប់មកវិញហើយ ហើយសង្ឃឹមថាអ្នកគាំទ្រទាំងថ្មីទាំងចាស់ នឹងស្គាល់ «MKS» សារជាថ្មី៕