ទើបវ័យ ២១ ឆ្នាំ យឿន ពិសី សម្រេចចិត្តដឹកដៃគូស្នេហ៍ ចូលរោងការនៅខែ មករា នេះហើយ!
អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ ពេលនេះអតីតម្ចាស់ជ័យលាភីនៅក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី ១ យឿន ពិសី បានសម្រេចចិត្តដឹកដៃគូស្នេហ៍ ដែលមានវ័យច្រើនជាងខ្លួន ប្រមាណជាបួនឆ្នាំ ចូលរោងការនៅក្នុងខែមករានេះ ដែលនេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។
បើតាមគម្រោង យឿន ពិសី គ្រោងនឹងចូលរោងការនៅក្នុងថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២១ នេះ នៅគេហដ្ឋានខាងស្រី ដែលមានទីតាំងនៅស្ទឹងមានជ័យ។ បើតាមប្រភពដែលស្និទ្ធជាមួយនឹង យឿន ពិសី បានឱ្យដឹងថា យឿន ពិសី បានត្រៀមពិធីមង្គលការរបស់ខ្លួនលក្ខណៈសមល្មម និង អញ្ជើញភ្ញៀវជាអ្នកសិល្បៈរៀមច្បង់មួយចំនួន នៅក្នុងផលិតកម្មហង្សមាសចូលរួមក្នុងថ្ងៃពិសេសរបស់ខ្លួនដែរ។
យ៉ាងណាមិញ បើទោះមានភ្នែកពិការ និង មិនសូវជាមានទ្រព្យសម្បត្តិធូរធារ ក៏ពិតមែនតែ តារាចម្រៀងវ័យក្មេងរូបនេះអាចរកបានស្នេហ៍ពិត ដោយមាននារីម្នាក់ដែលមានរូបសម្រស់ ស្រស់ស្អាតយល់ព្រមរួមដំណើរជីវិតជាមួយពោរពេញទៅដោយក្តីស្រឡាញ់ ដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជំនួសគ្រប់គ្នា។
សម្រាប់ឆ្នាំ ២០២១ នេះដែរ យឿន ពិសី មានវ័យត្រឹមតែ ២១ ឆ្នាំប៉ុណ្ណោះ ដោយឡែកអនាគតភរិយាដែលមាន ឈ្មោះថា អូនរ៉ា មានអាយុ ២៥ ឆ្នាំ ហើយអនាគតរបស់តារាចម្រៀងវ័យក្មេងនេះ ក៏ជាអ្នកលក់ផលិតផលតាមអនឡាញផងដែរ។ ក្រោយស្វែងយល់ចិត្ត ថ្លើម គ្នាមិនដល់មួយឆ្នាំក៏ពិតមែនតែ អនាគតភរិយា យឿន ពិសី បានប្រាប់ថា យឿន ពិសី ជាបុរស ដែលមានលក្ខណៈពិសេស ស្មោះត្រង់ និង មានភាពតស៊ូក្នុងជីវិត ដែលធ្វើឱ្យនាងរំភើប ព្រមទាំងពេញចិត្តជាខ្លាំង។
គួរឱ្យដឹងថា យឿន ពីសី មានសមត្ថភាពសិល្បៈពិសេស រហូតទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងកម្មវិធីប្រលងលំដាប់ថ្នាក់ពិភពលោក Cambodia’s Got Talent រដូវកាលទី ១ ប៉ុន្តែ ចាប់តាំងពីជាប់ជ័យលាភី រហូតមកដល់ពេលនេះមានរយៈពេល ៥ ឆ្នាំទៅហើយក្ដី តែ យឿន ពិសី មានបទចម្រៀងផ្ទាល់ខ្លួនតិចតួចបំផុត៕
រូបថត ៖ ហ្វេសប៊ុក