ពេលទម្ងន់ ស្រ្តីម្នាក់ចេះតែដេកមើលមុខកូនស្រី Lydia មានអីកូនកើតមក ពេញចិត្តស្ដូក
ដូចប្រិយមិត្តបានជ្រាបហើយថា តារាចម្រៀងស្រីល្បីឈ្មោះ Lydia Sarunrat និង លោក Matthew Deane ទទួលបានចំណងដៃកូនប្រុស-ស្រី ២ នាក់ ខណៈកូនប្រុសច្បងមានមុខមាត់ស្រស់សង្ហាតាំងពីក្មេង ចំណែកកូនស្រីវិញ ក៏មានមុខមាត់មូលក្រឡង់ៗ កែវភ្នែកទាំងគូខ្មៅក្រិប ថ្ពាលហៀរស្អាតគួរឱ្យក្នាញ់បំផុត ធ្វើឱ្យអ្នកគាំទ្រជាច្រើនស្រមៃចង់បានកូនមុខមាត់ស្អាតៗដូចប្ដីប្រពន្ធអ្នកទាំងពីរ ។
និយាយដល់ក្ដីប្រាថ្នារបស់អ្នកម៉ាក់ចង់បានកូនមុខឃ្យូតដូចនាងតូច Demi កូនស្រីតារាចម្រៀង Lydia ស្រាប់តែថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីមានស្រ្តីម្នាក់បង្ហោះរូបថតកូនស្រីរបស់ខ្លួន ផ្ទឹមជាមួយរូបថតនាងតូច Demi ហើយថែមទាំងបានសរសេររៀបរាប់នៅលើបណ្ដាញសង្គមក្នុងន័យថា ពេលទម្ងន់កូនស្រី នាងតែងតែដេកមើលមុខអូន Demi រហូត ហើយលទ្ធផលក៏សមតាមបំណងមែន ។
ស្រ្តីខាងលើមានគណនីហ្វេសប៊ុកឈ្មោះ YoYomaxim YoYomaxim បានបង្ហោះរូបថតនាងតូច Demi កូនស្រីពៅរបស់តារាចម្រៀង Lydia ជាមួយកូនស្រីរបស់ខ្លួន និង បានរៀបរាប់ថា «កាលទម្ងន់ នាងមើលតែមុខអូន Demi ហើយនៅពេលសម្រាលកូនមក នាងក៏ទទួលបានលទ្ធផលបែបនេះ ហាសហា អូនលិន ញញឹមស្អាតណាស់ ទើបតែបាន ១ ខួបជាងទេ» ។
ក្រោយការបង្ហោះរបស់ស្រ្តីខាងលើ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលដោយនឹកស្មានមិនដល់ទេ ព្រោះថា កូនរបស់ស្រ្តីរូបនេះ ពិតជាមានមុខមាត់ស្រដៀងនឹងនាងតូច Demi កូនស្រី Lydia ពិតមែន ៕