ក្រមុំៗអែបគៀន! ៦០ ឆ្នាំពិតមែនតែ តារាជើងចាស់ Penpak រត់ទៅសាក់លើខ្នង ទាក់ទាញមិនណយទេ
ស្រ្តីដែលមានវ័យចំណាស់អាយុខ្ទង់ ៦០ ឆ្នាំ បើតាមការគួរសម និង ការគោរព ត្រូវបានក្មេងៗស្រករក្រោយហៅថា លោកយាយ បាត់ទៅហើយ ព្រោះតែគេគិតថា វ័យចំណាស់នេះ ភាគច្រើនគាត់អាចនឹងរៀបការស្វាមី មានកូនមានចៅពេញផ្ទះបាត់ទៅហើយ ។
តែយ៉ាងណាពាក្យថាលោកយាយនេះ អាចនឹងអៀនមាត់បន្តិច នៅពេលដែលគេហៅទៅលើតារាសម្ដែងជើងចាស់ថៃ Penpak Sirikul បើទោះបីជាបច្ចុប្បន្នអ្នកស្រីមានអាយុ ៦០ ឆ្នាំក៏ពិតមែន ប៉ុន្ដែសម្បុរស្បែក មុខមាត់របស់អ្នកស្រី សភ្លឺម៉ដ្ឋរលោងស្រមោចវារលើជ្រុះ គ្មានឃើញស្នាមផ្នត់ជ្រីវជ្រួញសោះ សូម្បីតែរាងរៅក៏ស្អាតមាំមួន ចំណែកឯម៉ូដសក់ក៏លេងស្ទីលប្ដូរពណ៌មិនចាញ់ក្មេងៗជំនាន់ក្រោយៗប៉ុន្មានទេ ។
លើសពីអ្វីទាំងអស់នេះ តារាសម្ដែងជើងចាស់ Penpak ក៏កំពុងធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាក្មេងៗស្រករក្រោយៗសុំខ្មាស បន្ទាប់ពីអ្នកស្រី បង្ហាញស្នាមសាក់ត្រង់ចន្លោះស្មាផ្នែកខាងក្រោយយ៉ាងធំទាក់ទាញ់បំផុត ។ ស្នាមសាក់របស់តារាសម្ដែងជើងចាស់ថៃរូបនេះ ធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរឡើយ ព្រោះថានៅវ័យ ៦០ ហើយ អ្នកស្រីនៅតែក្លាហាន ហ៊ានសាក់លើខ្លួនមិនឱ្យចាញ់ក្មេងៗទៀត ៕