ចូលឆ្នាំថ្មី ២០២១ ភ្លាម យូរី ចាប់ផ្តើមបើកជំនួញធំភ្លែត បន្ថែមលើអាជីពចាស់
អាយុទើបតែជាង ២០ ឆ្នាំប៉ុណ្ណោះ តែតារាចម្រៀងពូកែគ្រលែងចង្កេះ យូរី ពិតជាមានសមត្ថភាពខ្លាំងមិនធម្មតា ដោយថ្មីៗនេះនាងបានបោះទុនរាប់ម៉ឺនដុល្លារដើម្បីបង្កើតជំនួញដែលចាប់ផ្តើមបើកដំណើរការនៅក្នុងថ្ងៃទី ០៩ នេះ ហើយនេះក៏មិនមែនជារបរទីមួយរបស់នាងនោះដែរ ។
គ្រាន់តែឆ្នាំថ្មី ២០២១ បើកឆាកមិនទាន់បានប៉ុន្មានផង យូរី ចាប់ផ្តើមបើកដំណើរការភោជនីយដ្ឋានរបស់នាងភ្លាមដែរ ដោយនាងបានដាក់ស្លាកយីហោថា The Fun Pub & Restaurant ដែលមានទីតាំងនៅក្នុងខណ្ឌសែនសុខ ។ បើតាមប្រភពដែលស្និទ្ធជាមួយតារាចម្រៀង យូរី បានឱ្យដឹងថា ភោជនីយដ្ឋាននេះ មិនមែនជារបស់ យូរី ម្នាក់ឯងទេ គឺមានការចូលហ៊ុនជាមួយគ្នាប្រមាណជាបីនាក់ តែសម្រាប់នាងក៏ចាយទុនក្បែរ ១០ ម៉ឺនដុល្លារដែរ ហើយក៏មានការសរសើរថាស្ងាត់ៗ យូរី ក្លាយជាក្លាយជាថៅកែស្រីទាំងវ័យក្មេង ។
ចុងក្រោយនេះ យូរី កាន់តែលេចមុខលេចមាត់ក្រោយពីនាងបានហក់ចូលក្នុងទ្រនំហង្សមាស ដោយក្នុងនោះនាងក៏មិនខុសបំណងដោយបានចេញបទចម្រៀងជាបន្តបន្ទាប់ ដែលបទទាំងនោះក៏ទទួលបានការគាំទ្រពីសំណាក់ហ្វេនៗ ហើយក៏មានការលើកឡើងថាការបង្ហាញវត្តមានរបស់ យូរី គឺជំនួសឱ្យ ទេព បូព្រឹក្ស ដែលបានចាកចេញពីទ្រនំនេះមួយរយៈហើយ ។ គ្រាន់តែចេញបទចម្រៀងថ្មីៗភ្លាម យូរី ក៏ចាប់ផ្តើមបង្ហាញសកម្មភាពរបស់ខ្លួននៅតាមឆាកតន្រ្តីនៃស្ថានីយទូរទស្សន៍នានាជាមួយនឹងការតុបតែងខ្លួន និង ក្បាច់រាំយ៉ាងរស់រវើកមិនចាញ់តារាប្រទេសជិតខាងប៉ុន្មានឡើយ ៕