ភ្នំយាយសំ នៅបន្ទាយមានជ័យ ល្បីមានទេសភាពស្រស់ស្អាត មានរឿងរ៉ាវអាថ៌កំបាំងគួរឱ្យព្រឺ
ភ្នំយាយសំ មានទីតាំងស្ថិតនៅ ភូមិយាយសំ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដោយកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានចេញច្បាប់បង្កើតតំបន់បេតិកភណ្ឌធម្មជាតិភ្នំយាយសំនេះ សម្រាប់ជាប្រយោជន៍មនុស្សគ្រប់ជំនាន់ ដោយសាភ្នំនេះមានលក្ខណៈវែង និង មានល្អាងជាច្រើនទាមទារឱ្យមានការសិក្សាបន្ថែម ។
លើសពីនេះទៅទៀត មានរឿងរ៉ាវចម្លែកៗជាច្រើន ដែលពាក់ព័ន្ធទៅនឹងភ្នំមួយនេះដែលមានដូចជា ៖
១. ព្រះចៅអធិការវត្តគិរីសំស័ក្ត ធ្លាប់បានចាំឃ្លាំមើលថាអ្នកណាឱ្យប្រាកដ ដែលបោសសំអាតស្លឹកពោធិ៍នៅលើភ្នំ ដែលជាលទ្ធផលគឺមិនឃើញមានអ្នកបោសនោះទេ ទើបគេសន្មតថាជាបារមី ។
២. តាមរយៈការស្នងរូប (ផ្លូវក្នុង) គេឃើញមានប្រាសាទលើកំពូលភ្នំ មានលក្ខណៈដូច លានប្រជុំទ័ព កាលសម័យព្រះអង្គច័ន្ទរាជា ។
៣. នៅលើទីតាំងគ្រឹះប្រាសាទនោះ ទាហានខ្មែរក្រហមធ្លាប់បានយកគ្រឿងចក្រអិចទៅកាប់កាយដើម្បីកសាងទីតាំងកាំភ្លើងធំ។
៤. មានស្រះទឹកមួយនៅជិតនោះ ដែលបច្ចុប្បន្នរីងខះអស់ ថែមទាំងមានផ្ទាំងថ្មធំៗផុសដោយធម្មជាតិដែលមានរូបរាងដូចសត្វនាគ ។
៥. នៅជើងភ្នំ ពលរដ្ឋធ្លាប់បានកាយដីឃើញវត្ថុបុរាណ ដែលមានដូចជា កុលាលភាជន៍ និង ចម្លាក់ព្រះពុទ្ធបដិមាធ្វើអំពីថ្មជាដើម ។
ដោយសារតែទេសភាពស្រស់ស្អាត អាចមើលឃើញទិដ្ឋភាពក្រុងប៉ោយប៉ែតពីលើភ្នំ និង រឿងរ៉ាវចម្លែកៗនេះហើយ ទើបធ្វើឱ្យប្រជាជននាំគ្នាចាប់អារម្មណ៍ ចង់ដឹង ចង់ស្គាល់ ចង់ទៅទស្សនា ដើម្បីស្រាយចម្ងល់ និង លម្ហែអារម្មណ៍ ជាមួយការផ្ដិតយករូបភាពស្អាតៗនៅទីនោះ ៕
ប្រភព ៖ Heritages Diary- បេតិកភណ្ឌប្រចាំថ្ងៃ