សង្ឃឹមស្ងាត់កូវីដចុះ! Miss Grand International ប្រកាសផ្លូវការ ធ្វើក្នុងខែមីនា នៅថៃ
កម្មវិធី Miss Grand International គឺជាកម្មវិធីប្រកួតសម្រស់ដ៏ធំលំដាប់អន្តរជាតិមួយ ក្នុងចំណោមកម្មវិធីប្រកួតសម្រស់ធំៗលើពិភពលោក ដែលកម្មវិធីនេះបានាចាប់ផ្តើមដំបូងនៅក្នុងឆ្នាំ ២០១៣ និង ទទួលបានការគាំទ្រទស្សនាយ៉ាងច្រើនស្ទើរទូទាំងពិភពលោក ។
ជារៀងរាល់ឆ្នាំ កម្មវិធីប្រកួតសម្រស់ Miss Grand International តែងតែប្រារព្ធឡើងនាអំឡុងខែតុលា ឬ ដើមខែវិច្ឆិការៀងរាល់ចុងឆ្នាំ ដោយមានបេក្ខនារីពីជុំវិញពិភពលោកជាច្រើនបានចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមមកុដមាសកិត្តិយសដ៏មានតម្លៃនោះ ។ សម្រាប់ការប្រកួតចុងក្រោយបង្អស់ក្នុងឆ្នាំ ២០១៩ គឺបានធ្វើឡើងនៅក្នុងប្រទេស Venezuela ដោយកាលណោះ នាង Valentina Figuera ជាម្ចាស់ផ្ទះ បានយកឈ្នះជាស្ថាពរ និង គ្រងមកុដ Miss Grand International 2019 ។
សម្រាប់ឆ្នាំ ២០២០ វិញ ដោយសារបញ្ហាកូវីដ ១៩ កំពុងរីករាលដាលជាសាកលនោះ បានធ្វើឱ្យកម្មវិធី Miss Grand International ដែលត្រូវប្រារព្ធចុងឆ្នាំ ២០២០ ត្រូវបានលើកពេល និង ផ្លាស់ប្តូរទីតាំងប្រកួត ។ បើតាមទំព័រហ្វេសប៊ុក Miss Grand International បានឱ្យដឹងដែរថា បន្ទាប់ពីលើកពេលកាលពីកន្លងមក ពេលនេះស្ថាប័នប្រកួតសម្រស់មួយនេះ បានប្រកាសជាផ្លូវការហើយ ដោយនឹងធ្វើឡើងនៅក្នុងខែមីនា ឆ្នាំ ២០២១ ខាងមុខនេះ នៅប្រទេសថៃ ។
គួរឱ្យដឹងដែរថា កម្មវិធី Miss Grand International 2020 ដែលនឹងត្រូវប្រកួតនៅកំលុងខែមីនាខាងមុខនោះ គឺជាការប្រកួតលើកទី ៨ ហើយកម្ពុជាក៏នឹងបញ្ជូនកញ្ញា សេង រដ្ឋា Miss Grand Cambodia 2019 ចូលរួមប្រកួតប្រជែងផងដែរ ដោយរាត្រីផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២១ ៕