ម្ដាយណាមិនរំភើប! កូនស្រី យ៉ាន លីនដា ប្រើពាក្យផ្អែមបំផុតជូនពរថ្ងៃកំណើត ៣៨ ឆ្នាំអ្នកម្ដាយ
អតីតពិធីការិនី និង តារាចម្រៀងធ្លាប់ទទួលបានការគាំទ្រច្រើនក្រាស់ក្រែលពីមហាជន អ្នកនាង យ៉ាន លីនដា ពេលនេះកំពុងរួមរស់សាងជីវិតយ៉ាងមានក្ដីសុខជាមួយកូនស្រីជាទីស្រឡាញ់នៅឯទឹកដីប្រទេសអូស្រ្តាលី បន្ទាប់ពីនាង និង អតីតស្វាមីគឺលោក យ៉ែម សំអូន បានលែងលះគ្នាដាច់ស្រេចកាលពីប៉ុន្មានឆ្នាំមុន ។
ធីបចោលរឿងអតីតកាល ងាកមកមើលបច្ចុប្បន្នវិញ ជារឿយៗម្ដាយកូនតារាចម្រៀង យ៉ាន លីនដា តែងបង្ហាញពីក្ដីស្រឡាញ់ ស្នាមញញឹម ភាពកក់ក្ដៅ និង បង្ហាញពីក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកអស់ពីបេះដូង ។
ជាក់ស្ដែងថ្មីៗនេះ ជាថ្ងៃខួបកំណើតអាយុ ៣៨ ឆ្នាំរបស់អ្នកនាង យ៉ាន លីនដា ក្នុងនោះកូនស្រីសំណព្វចិត្តរបស់នាង បានជូនពរម្ដាយពោរពេញដោយភាពផ្អែមល្ហែមធ្វើឱ្យអ្នកគាំទ្រឃើញហើយរំភើបជំនួសម្ដាយកូនអ្នកទាំងពីរយ៉ាងខ្លាំង ។
កូនស្រីតែម្នាក់គត់របស់ យ៉ាន លីនដា បានបង្ហោះសារជូនពរម្ដាយជាភាសាអង់គ្លេស ដែលមានន័យជាភាសាខ្មែរថា «រីករាយថ្ងៃកំណើតអ្នកម៉ាក់ជាទីស្រឡាញ់ Linda! ម៉ាក់គឺជានារីដែលស្រស់ស្អាត ចិត្តល្អ និង ជាមនុស្សពិសេសប្លែកពីគេម្នាក់ដែលសមនឹងទទួលបានរាល់ក្ដីស្រឡាញ់ និង ការកោតសរសើរ ។ កូនមិនសូមអ្វីច្រើនទេ ក្រៅពីជូនពរឱ្យម៉ាក់មានតែភាពរីករាយ និង មានសុខភាពល្អ កូនពិតជារីករាយដែលម៉ាក់ពេញចិត្តនំខេកដែលពួកយើងធ្វើជូនម៉ាក់ជាកាដូ រីករាយថ្ងៃខួបកំណើតម្ដងទៀតណាអ្នកម៉ាក់ Linda» ៕