មនុស្សគ្រប់គ្នារមែងតែងចង់ឱ្យសក់របស់ខ្លួនមើលទៅស្អាតខុសប្លែកពីអ្នកដទៃ ក៏ប៉ុន្តែទន្ទឹមនឹងភាពល្អស្អាតនោះ ត្រូវគិតពីសុខភាពសក់ជាចម្បងផងដែរ មិនមែនចេះតែចង់ស្អាតហើយប្ដូរពណ៌រហូត ដោយមិនគិតពីសុខភាពសក់នោះទេ ។
ជាការពិតណាស់គ្មាននរណាម្នាក់ដែលចង់ឱ្យសក់របស់ខ្លួនខូចខាតមិនស្អាតឡើយ ជាពិសេសចំពោះអ្នកដែលនិយមលេង ឬក៏ប្ដូរពណ៌សក់ច្រើន ។ គ្រប់គ្នាសុទ្ធតែចង់បានភាពស្រស់ស្អាតបន្ទាប់លាបពណ៌ហើយ ដូចនេះគួរតែជៀសវាងនូវចំណុចមួយចំនួន ដូចជា ការទិញថ្នាំសក់មកលាបដោយខ្លួនឯង ដោយមិនមានជាងជំនាញច្បាស់លាស់ ដែលអាចនាំឱ្យសក់របស់អ្នកខូចខាត ឬក៏បណ្ដាលឱ្យសក់ឡើងឆេះកែលែងកើត ។
តួយ៉ាង កាលមួយរយៈមុន មានជាងធ្វើសក់ម្នាក់បានចេញមកបង្ហោះរូបភាពជាសារដាស់តឿនមួយចំនួនចំពោះអ្នកដែលនិយមប្ដូរម៉ូដសក់ឱ្យបានដឹងវិធីសាស្រ្តខ្លះៗអំពីរបៀបប្ដូរពណ៌សក់ឱ្យបានត្រឹមត្រូវដែលមិនបណ្ដាលឱ្យសក់រងការខូចខាត ។
ទន្ទឹមនឹងនោះ ជាងម្នាក់នោះបាននិយាយថា មានអ្នកខ្លះបានទិញថ្នាំសក់ហើយយកទៅធ្វើការលាបដោយខ្លួនឯងដោយគ្មានជំនាញត្រឹមត្រូវហើយក៏បណ្ដាលឱ្យសក់រងការខូចខាតជាដំណំកែលែងកើត ពោលគឺសក់ឆេះតែម្ដង បញ្ហាទាំងអស់នោះ គឺដោយសារតែចង់ស្អាតដោយខ្វះការពិចារណាវែងឆ្ងាយ ព្រោះគេគិតថាវាជាការងាយស្រួលគ្រាន់តែលាប ក៏ប៉ុន្តែគេមិនបានគិតអំពីផលដែលប៉ះពាល់ដល់សុខភាពសក់ និង ស្បែកក្បាលឡើយ ជាពិសេសការជ្រើសរើសថ្នាំពណ៌សក់ និង បច្ចេកទេសនៃលាបប្ដូរពណ៌នេះជាចំណុចសំខាន់ គួរប្រយ័ត្ន ។
យ៉ាងណាមិញនេះក៏ជាសារដាស់តឿនមួយសម្រាប់បងប្អូនអ្នកដែលនិយមលែងពណ៌ ឬ ប្ដូរពណ៌សក់ញឹកញាប់ គួរណាស់ត្រូវប្រុងប្រយ័ត្នលើចំណុចមួយនេះ ព្រោះវាអាចបណ្ដាលឱ្យសក់របស់លោកអ្នកក្លាយជាស្ងួតបែកចុង ឬ ឆេះ យ៉ាងណាគួរកុំរំលងជាងដែលគេមានជំនាញច្បាស់លាស់ឱ្យសោះ៕