ដើម្បីយិតយោងសេដ្ឋកិច្ចគ្រួសារ យុវជន ឈិន ចាន់ត្រា ចាប់របរចិញ្ចឹមមាន់ខ្មៅ ងាយចិញ្ចឹម លក់បានថ្លៃ
ក្រោយទទួលបានជោគជ័យក្នុងការចិញ្ចឹមមាន់ខ្មៅ យុវជន ឈិន ចាន់ត្រា អាយុ ២៣ ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប ប្រាប់ថាការចិញ្ចឹមមាន់ខ្មៅងាយថែ និង ពេលលក់បានតម្លៃខ្ពស់ ពោលគឺថ្លៃជាងមាន់ស្រែដល់ទៅ ៣ ដងឯណោះ ។
យុវជន ឈិន ចាន់ត្រា បង្ហើបឱ្យដឹងថា រូបគេបានចាប់យកមុខរបរចិញ្ចឹមពូជសត្វមាន់ខ្មៅនេះ រយៈពេល ៣ ឆ្នាំមកហើយ ដែលបច្ចុប្បន្ននេះមានមាន់ទាំងមេ និង បា ព្រមទាំងកូនសរុបចំនួនជាង ២០០ក្បាល ។ ការថែទាំ ការដាក់ចំណី សម្រាប់មាន់ខ្មៅ មិនមានភាពខុសគ្នាពីការចិញ្ចឹមមាន់ស្រែនោះទេ ។ មាន់ខ្មៅលូតលាស់លឿនជាងមាន់ស្រែ ហើយជាសត្វស៊ាំនឹងអាកាសធាតុផងដែរ ។ មាន់ខ្មៅនេះគេអាចលក់បានបន្ទាប់ពីវាមានអាយុពី ២ ទៅ ៣ ខែ មានទម្ងន់ពី ១ គីឡូ ២ ខាំ ទៅ ១ គីឡូ ៥ ខាំ ដែលគេទិញសម្រាប់ធ្វើពូជបន្ត ឬ យកទៅបរិភោគ និង ចិញ្ចឹមលម្អ ជាដើម ។
មាន់ខ្មៅដែលយុវជន ឈិន ចាន់ត្រា ចិញ្ចឹមត្រូវបានចាប់លក់ឱ្យអតិថិជនជាបន្តបន្ទាប់ ដោយខ្លះកុម្ម៉ង់ទិញតាមផេក ខ្លះទិញកូនទៅចិញ្ចឹម ខ្លះទិញមេពូជ ខ្លះទិញយកទៅធ្វើម្ហូប ព្រោះយល់ថាមាន់ខ្មៅយកទៅធ្វើស៊ុបជាថ្នាំប៉ូវ…ជាដើម ។ មាន់ខ្មៅដែល យុវជន ឈិន ចាន់ត្រា លក់ចំពោះមេបាពូជ ១ គូថ្លៃពី ៤៥ ទៅ ៥០ ដុល្លារ មេក្រមុំ ២៥ ដុល្លារ កូនមាន់ខ្មៅអាយុ ១ ខែថ្លៃពី ៣ ទៅ ៤ ដុល្លារ កូនមាន់អាយុ ២ ខែថ្លៃពី ៥ ទៅ ៦ ដុល្លារ មាន់ខ្មៅអាយុជាង ៣ ខែឡើង ១ ក្បាលថ្លៃពី ៩ ទៅ ១០ ដុល្លារ ។
ដោយសារតែតម្រូវការកាន់តែមានការកើនឡើង ការចិញ្ចឹមមាន់ខ្មៅក៏ដូចជាមាន់ស្រែដែរ គឺឃើញថាមានទីផ្សារល្អនៅក្នុងប្រទេសកម្ពុជាយើងនេះ ។ ពីមុនយុវជន ឈិន ចាន់ត្រា ចិញ្ចឹមមាន់ស្រែតែគេបានផ្លាស់ប្តូរពីការចិញ្ចឹមមាន់ខ្មែរធម្មតាមកជាការចិញ្ចឹមមាន់ខ្មៅវិញ ដោយសារមានលក្ខណៈងាយស្រួលចិញ្ចឹមដូចមាន់ស្រែធម្មតា ជាពិសេសទទួលបានតម្លៃខ្ពស់ជាង ។ មាន់ខ្មៅគេអាចយកទៅកែច្នៃជាម្ហូបបានច្រើនប្រភេទដូចជា មាន់ស្ងោ មាន់ចៀន សាច់ក្រក ប្រហិត សាច់ផាត់ ហើយការបរិភោគគឺជំនឿថាវាជួយឱ្យមានសុខភាពល្អ និង រាងកាយមំាមួន ៕