ក្រោយរៀបការបានជិត ១ ខែ អតីតតារាចម្រៀង អេនណា ដឹកដៃប្តីធ្វើរឿងមួយនេះទៀតនៅភ្នំពេញ
បើគិតមកដល់ពេលនេះអតីតតារាចម្រៀងប្រចាំផលិតម្ម M អេនណា រៀបការទៅតាមប្រពៃណីខ្មែរប្រមាណជាជិតមួយខែហើយ ពេលនេះដែរអតីតតារាចម្រៀងរូបនេះក៏មានគម្រោងមកកាត់ចំណងដៃនៅក្រុងភ្នំពេញជាថ្មីម្តងទៀតនៅប៉ុន្មានថ្ងៃខាងមុខនេះ ។
អេនណា បានរៀបការយ៉ាងអធិកអធមនៅស្រុកកំណើតរបស់នាងដែលស្ថិតនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ កន្លងទៅ ដោយមានការចូលរួមសាទរពីសំណាក់ញាតិមិត្តជាច្រើន តែសម្រាប់អ្នកសិល្បៈសង្កេតឃើញមានវត្តមានតែអ្នកសិល្បៈស្និទ្ធស្នាលតិចតួចប៉ុណ្ណោះ ។ អ្វីដែលកត់សម្គាល់ដោយសារស្វាមីរបស់ អេនណា ជាអ្នករស់នៅទីក្រុងភ្នំពេញ ដូចនេះនាងមានបំណងមកកាត់ចំណងដៃជាលើកទីពីរនៅថ្ងៃទី ១៩ ខែកុម្ភៈខាងមុខនេះនៅ The Terrace TK ។
អេនណា ធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងគួរសមនៅក្នុងផលិតកម្ម M កាលពីប៉ុន្មានឆ្នាំមុន ដែលនាងចាប់ផ្តើមលេចមុខនៅក្នុងផលិតកម្មក្រោយពីបានចូលរួមប្រឡងចម្រៀងមួយនៅក្នុងកម្មវិធីមួយរបស់ទូរទស្សន៍ស៊ីធីអិន ជំនាន់លោក ប៉ែន សាវ៉ាវ លោក ខេម និង ណាខុន ជាដើម ប៉ុន្តែក្រោយមក អេនណា ដែលមានឈ្មោះកំណើតថា ង៉ែត លីតា បានដកខ្លួនពីអាជីពនេះ និង បានត្រលប់មករស់នៅស្រុកកំណើតខេត្តព្រះសីហនុ ដើម្បីមើលការខុសត្រូវផ្ទះសំណាក់របស់ប៉ាម៉ាក់នាងវិញ ៕