ស៊ឹម សូលីកា សង្ស័យមានដំណឹងល្អ ក្រោយ អេង ឫទ្ធី ព្រលយដំរួយមួយនេះ
ថ្វីដ្បិតមានវ័យជ្រេបន្តិចក្តី តែជីវិតប្តីប្រពន្ធរបស់ពិធីករការិនី ស៊ឹម សូលីកា និង លោក អេង ឫទ្ធី មានភាពផ្អែមល្ហែមជាខ្លាំងមិនចាញ់គូស្នេហ៍យុវវ័យប៉ុន្មានឡើយ ប៉ុន្តែយ៉ាងណាអ្នកទាំងពីរមិនទាន់ទទួលបានសមាជិកថ្មីប្រលែងលេងនោះទេ បើទោះពួកគេរៀបការបានប្រមាណជាជិតពីរឆ្នំាក្តី ។ សម្រាប់ថ្មីៗនេះ លោក អេង ឫទ្ធី ជាស្វាមី បានព្រលយពាក្យខ្លះៗដែលគេសង្ស័យថា ស៊ឹម សូលីកា ប្រហែលមានដំណឹងល្អ ។
ថ្មីៗនេះលោក អេង ឫទ្ធី បានបង្ហាញរូបភាពមួយចំនួនរបស់ ស៊ឹម សូលីកា កំពុងបេះផ្លែស្វាយរួមនឹងសារខ្លីថា «ល្ងាចនេះស្រាប់តែប្រពន្ធខ្ញុំប្រាប់ថា បងអូនឃ្លានម្ជូរ ខិ ខិ បែបប្រហែលត្រូវអរគុណកូវីដ ១៩ ហើយមើលទៅ» ។ ការលើកឡើងរបស់ អេង ឫទ្ធី បានធ្វើឱ្យមិត្តភក្តិរួមនឹងអ្នកគាំទ្រមានការសាទរ និង ជូនពរគ្រប់គ្នាចំពោះការត្រៀមខ្លួនទទួលសមាជិកថ្មីរបស់ប្តីប្រពន្ធអ្នកសិល្បៈមួយគូនេះ ។ កន្លងមកលោក អេង ឫទ្ធី ធ្លាប់លើកឡើងថាចង់បានកូនតាមប្រាថា្នមិនមែនតាមចៃដន្យនោះទេ បើទោះលោក និង ភរិយាមានវ័យច្រើនបន្តិចក្តី ។ គេរំពឹងថាអ្នកទាំងពីរនឹងទទួលបានចំណងដៃរួមគ្នានៅក្នុងពេលឆាប់ៗនេះ ។
អេង ឫទ្ធី និង ស៊ឹម សូលីកា ត្រូវគេចាត់ទុកជាប្តីប្រពន្ធអ្នកសិល្បៈដែលមានជីវិតរស់នៅហ៊ឺហា និង ស៊ីវិល័យជាខ្លាំង ។ ជាក់ស្តែងមិនថាសម្លៀកបំពាក់ ឬ រថយន្តនោះទេអ្នកទាំងពីរប្រើប្រាស់សុទ្ធតែទំនើបៗ និង ម៉ាកល្បីៗ ហើយជារឿយៗអ្នកទាំងពីរតែងបង្អួតរូបភាពផ្អែមល្ហែមពោរពេញទៅដោយក្តីសុខនៅតាមបណ្តាញសង្គមមិនចាញ់គូស្នេហ៍តារាក្មេងៗឡើយ ៕