ក្រោយ គង់ ចាន់ស្រីមុំ សួរដូចប៉ុន្មានភាគរយ ការពិតស្ទើរ ៩០% ស្រដៀងឈុត Ariana Grande
នៅលើបណ្ដាញសង្គមហ្វេសប៊ុកពេលកន្លងមកនេះ ចំពោះអ្នកនិយមតាមដានជីវិតឯកជន និង ការស្លៀកពាក់របស់អ្នកសិល្បៈ កំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងទៅលើប្រធានបទតារាសម្ដែង គង់ ចាន់ស្រីមុំ ស្លៀកពាក់ដូច ឬ ស្រដៀងនឹងតារាថៃ ។
ក្នុងនោះ កាលពីថ្ងៃទី ១៤ កុម្ភៈ ២០២១ កន្លងទៅ គង់ ចាន់ស្រីមុំ ក៏បានចេញមុខបកស្រាយច្បាស់ៗ បន្ទាប់ពីផ្ទុះការរិះគន់ពីសំណាក់មហាជនថា នាង Copy ស្ទីលនៃការតែងខ្លួនពីតារាថៃ ដោយក្នុងនោះនាងបានស្នើសុំឱ្យអ្នកដែលរិះគន់នាង បែងចែកឱ្យដាច់រវាងពាក្យថា Copy និង ការស្រឡាញ់ ឬ ការដើរឱ្យទាន់សម័យកាល ព្រោះថាក្នុងនាមនាងជាអ្នកសិល្បៈមួយរូប ការផ្សព្វផ្សាយសម្លៀកបំពាក់គឺជាតួនាទីរបស់នាង ។
ដោយឡែក នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ តារាសម្ដែង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពថ្មីមួយទៀត ខណៈនាងស្លៀករ៉ូបរាត្រីសមោលសរ ទៅចូលរួមកម្មវិធីមួយព្រមទាំងបង្ហោះសារមួយឃ្លា ពីឈុតសម្លៀកបំពាក់ដែលនាងបានស្លៀកនោះ «ដូចប៉ុន្មានភាគរយ ?» ។
យ៉ាងណាមិញ ទោះជាតារាស្រីរូបនេះបានសួរជាសំណួរ ប៉ុន្តែនាងមិនបានបញ្ជាក់ថា ឈុតមួយនោះ នាងបានយកស្ទីលពីតារារូបណានោះឡើយ ទើបធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានចាប់អារម្មណ៍ និង ស្វែងរកឈុតស្រដៀងៗ គង់ ចាន់ស្រីមុំ នោះ ថាតើជាឈុតរបស់ណាតារាស្រីណាម្នាក់?
ជាក់ស្តែង ឈុតពណ៌ទឹកមាសដែល គង់ ចាន់ស្រីមុំ បានស្លៀកនោះ ទោះជាមិនដូចទាំងស្រុងក៏ពិតមែន ប៉ុន្តែមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានដឹងថានាងបានយកស្ទីលឈុតរបស់តារាចម្រៀងអាមេរិកកាំង Ariana Grande មានពណ៌ទឹកប្រាក់ បង្ហាញក្នុងកម្មវិធី Grammy Award 2020 ។ លើសពីនោះ មហាជនក៏បានលើកឡើងថា ម្តងនេះ គង់ ចាន់ស្រីមុំ មិនត្រឹមតែស្រដៀងរ៉ូបនោះទេ គឺសូម្បីតែម៉ូដសក់ និង ស្ទីលថតរូបក៏ស្រដៀងនឹង Ariana Grande ដែរ ។
យ៉ាងណាក៏ដោយ ទោះជាតារាខ្មែរ គង់ ចាន់ស្រីមុំ និង តារាបរទេស Ariana Grande ហាក់មានស្ទីលតុបតែងមិនដូចគ្នាទាំងស្រុង ពោលគឺត្រឹមប្រមាណ ៩០% មែន ប៉ុន្តែតារាស្រីទាំងពីរពិតជាស្រស់ស្អាតម្យ៉ាងម្នាក់ ៕