អបអរ! សូដា នីតា ដឹកដៃគូដណ្តឹងរៀបចំសែនព្រេនថ្ងៃនេះ ក្រោយសល់ ២ អាទិត្យទៀតសម្រាលកូន
ខណៈកៀកដល់ថ្ងៃសម្រាលកូនដំបូង សូដា នីតា បានសម្រេចចិត្តដឹកដៃគូដណ្តឹងលោក យុទ្ធ ឋានៈ សែនព្រេននៅក្នុងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះតែម្តង ដែលការរៀបចំសែនព្រេនបែបលក្ខណៈតូចតាចរបស់តារារូបនេះ ក៏ទទួលបានការជូនពរពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈផងដែរ ។
ថ្មីៗនេះគេបានឃើញរូបភាពមួយសន្លឹករបស់ សូដា នីតា ដោយក្នុងនោះមានការរៀបចំជាគ្រឿងរណ្តាប់សម្រាប់ពិធីមង្គលការដែលមានដូចជាផ្លែឈើ ជាដើម ។ ជាមួយគ្នានោះ សូដា នីតា បានភ្ជាប់សារខ្លីដែល មានអត្ថន័យថា «២៤ ០២ ២០២១ ថ្ងៃជោគ ថ្ងៃជ័យ ថ្ងៃសិរីសួស្តី ចាប់ដៃគ្នាដើរស្វែងរកទ្រព្យ រកសុភ មង្គល ថ្កុំថ្កើនរហូតទៅចែកកូនចែកចៅមាសប្រាក់ហូរហៀ» ។ តាមរយៈរូបភាព និង អត្ថន័យបែបនេះធ្វើឱ្យគេសន្និដ្ឋានថានេះជាពិធីដែល សូដា នីតា និង លោក យុទ្ធ ឋានៈ រៀបចំសែនព្រេនជាលក្ខណៈតូចតាចនៅក្នុងថ្ងៃនេះ ។
គេចាំបានថាកន្លងមកលោក យុទ្ធ ឋានៈ ធ្លាប់លើកឡើងថានឹងរៀបការឱ្យបានអធិកអធមនៅក្នុងអំឡុងមួយ ឬ ពីរឆ្នាំទៀត ដោយសារមិនអាចរៀបចំនៅក្នុងឆ្នាំនេះបានព្រោះនៅកាន់ទុក្ខម្តាយ សូដា និតា ដែលបានស្លាប់ ប៉ុន្តែស្រាប់តែស្ងាត់ៗអ្នកទាំងពីរបានរៀបចំសែនព្រេននៅក្នុងថ្ងៃនេះតែម្តង ។ បើតាមគម្រោង សូដា នីតា នឹងត្រូវត្រៀមខ្លួនសម្រាលកូនដំបូងនៅក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ ៕