មុខរបរចិញ្ចឹមចង្រិតគឺងាយចិញ្ចឹម ហើយប្រើដើមទុនតិច និង ឆាប់ទទួលផលមិនលំបាកក្នុងការរកទីផ្សារលក់ចេញ ព្រោះមានអ្នកទទួលទិញយកទៅលក់ ។ បើតាមស្រ្តីឈ្មោះ យាន សុផានី ជាអ្នកចិញ្ចឹមចង្រិតម្នាក់នៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានបង្ហើបឱ្យដឹងថា ក្នុង ១ ខែគាត់អាចរកចំណូលពីការលក់ចង្រិតសាច់ និង ពងចង្រិតឱ្យគេយកទៅធ្វើពូជបន្តបានមិនក្រោម ២ លានរៀលឡើយ ។
ថ្វីបើមានរបរផលិតសម្បកដបជ័រហើយក្តី ក៏ស្រ្តីឈ្មោះ យាន សុផានី បានឆ្លៀតចិញ្ចឹមចង្រិតលក់បង្កើនចំណូលជីវភាពក្រុមគ្រួសារបន្ថែមទៀតដែរ ដោយពេលចិញ្ចឹមដំបូងគាត់ចំណាយទុន ៥០ ដុល្លារប៉ុណ្ណោះដើម្បីទិញពូជចង្រិត ហើយមកទល់ពេលនេះគាត់មានចង្រិតចំនួន ២០ អាង ដែលក្នុង ១ អាងហុចផលពី ១០ ទៅ ១១ គីឡូក្រាម អាចលក់ចេញវិលជុំដោយរយៈពេល ២ ទៅ ៣ ថ្ងៃ លក់ចេញចង្រិត ១ អាង ។ ចំពោះតម្លៃចង្រិតនៅលើទីផ្សារក្នុងមួយគីឡូក្រាមតម្លៃ ២៥ ០០០ រៀល និង លក់បោះដុំឱ្យម៉ូយ ២០ ០០០ រៀល ហើយតម្លៃពងចង្រិតក្នុងមួយចានស្នោតម្លៃ ១ ដុល្លារ ។
ចង្រិតមានភាពងាយស្រួលក្នុងការចិញ្ចឹមបើប្រៀបទៅនឹងសត្វដទៃទៀតដូចជា ជ្រូក មាន់ ទាជាដើម ។ មុខរបរចិញ្ចឹមសត្វចង្រិតលក់ជារបរងាយស្រួលមិនពិបាកមើលថែណាស់ណាទេ តែយើងចាំបាច់ត្រូវមើលដាក់ទឹកដាក់ចំណីជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃចាប់លក់ ហើយការចំណាយ គឺអស់តែលើកដំបូងទេ ដូចជា ឧបករណ៍ និង ពូជចង្រិត យើងអាចបានពូជពីចង្រិតដែលយើងកំពុងចិញ្ចឹមផងដែរ ព្រោះក្នុងកំឡុងពេល ៤៥ ថ្ងៃ ចង្រិតវាពងពី ២ ទៅ ៣ ដង ដូច្នេះយើងអាចរក្សាទុកកូន និង ពងធ្វើពូជបន្តទៀតបាន គ្រាន់តែដាក់ចំណី និង ទឹកឱ្យវាគឺគ្រប់គ្រាន់អាចនិយាយបានថាជាការងារបន្ថែមពីស្រែចំការ ឬ ការងារផ្សេងៗទៀត ។
ចង្រិតញីមួយក្បាលអាចពងបានពី ២០០ ទៅ ៣០០ ពង ។ ចង្រិតញីមានកន្ទុយវែង និង ចង្រិតឈ្មោលគ្មានកន្ទុយនោះទេ ។ ក្រោយពីចង្រិតញីពងរួចគេអាចចាប់វាលក់បាន ។ ដូច្នេះសម្រាប់អ្នកគ្មានមុខរបរតែមានដីធ្លីទំនេរក្បែរផ្ទះសូមកុំទុកចោល អាចកែច្នៃមកចិញ្ចឹមចង្រិត ដែលជាមុខរបរងាយស្រួលមិនពិបាកមើលថែហើយចំណាយតិច មិនប្រកាន់រដូវនឹងអាចរកចំណូលបានទៀតផង ៕