បវរកញ្ញាភពផែនដី រងទី ១ ឆ្នាំ ២០១៩ លឹម សាំងលី ចូលរោងការស្ងាត់ៗ នៅថ្ងៃនេះ
មហាជនអ្នកគាំទ្រវិស័យដើរម៉ូដ ប្រាកដជាធ្លាប់ស្គាល់មកហើយនូវប្រជាប្រិយភាពរបស់បវរកញ្ញារូបស្រស់ រាងតូចច្រឡឹង លឹម សាំងលី ដែលជាជ័យលាភីរងទី ១ បវរកញ្ញាភពផែនដី ឆ្នាំ ២០១៩ ។
យ៉ាងណាមិញថ្មីៗនេះ អ្វីដែលធ្វើឲ្យមហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលនោះ ក៏ព្រោះ លឹម សាំងលី បានបញ្ចប់ភាពនៅលីវរបស់ខ្លួន ដោយរៀបមង្គលការយ៉ាងស្ងប់ស្ងាត់ជាមួយនឹងមិត្តប្រុសជាវេជ្ជបណ្ឌិត ។ ក្នុងនោះដែរ កាលពីចុងឆ្នាំ ២០២០ កន្លងទៅ បរវរកញ្ញារូបនេះ ក៏បានចូលរួមប្រកួតកម្មវិធី Miss Universe Cambodia ផងដែរ ។
នៅថ្ងៃទី ០៣ ខែមីនា ឆ្នាំ ២០២០ នេះ បរវរកញ្ញាភពផែនដី រងទី ១ ឆ្នាំ ២០១៩ រូបនេះបានរៀបចំកម្មវិធីរៀបការយ៉ាងសាមញ្ញ ដោយមានការចូលរួមពីក្រុមគ្រួសារខាងកូនកំលោះក្រមុំ និង មិត្តភក្តិជិតស្និទ្ធប៉ុណ្ណោះ ។
លឹម សាំងលី បានប្រាប់ «ប្រជាប្រិយ» ថា «ការពិតគម្រោងមង្គលការរបស់នាង បានត្រៀមទទួលភ្ញៀវ ៥០ តុ ប៉ុន្តែដោយការរាតត្បាតកូវីដ-១៩ និង ចូលរួមការពារការឆ្លងនោះ នាងក៏បានផ្អាកកម្មវិធីធំ និង រៀបចំតាមប្រពៃណីនៅពេលព្រឹកតែក្រុមគ្រួសារ មិត្តភក្តិស្និទ្ធស្នាលប៉ុណ្ណោះ»។
គួរឲ្យដឹងថា មុននឹងចាប់ដៃគ្នាឈានចូលរោងជ័យ លឹម សាំងលី និង ស្វាមី បានសាងស្នេហ៍នឹងគ្នារយៈពេល ១ ឆ្នាំ កន្លះមកហើយ៕