ភរិយា នី រតនា ចេញមុខបញ្ជាក់រឿងមហាជនព្រួយបារម្ភគ្រួសារនាង អាចពាក់ព័ន្ធករណីឆ្លងកូវីដ-១៩ ពី កែវ ចាន់និមល
បើតាមការបង្ហោះពីទំព័រហ្វេសប៊ុកឈ្មោះ Vimean Dara ដែលគេស្គាល់ថាជាវរសេនីយឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យនោះ បានរាយការណ៍ព័ត៌មានបឋមឱ្យដឹងលើទំព័រហ្វេសប៊ុកយប់មិញថា «តាមការបញ្ជាក់ឈ្មោះ កែវ ចាន់និមល (ពិធីករហង្សមាស) ថាខ្លួនគាត់ ប្តី និង កូនស្រីរបស់គាត់អាយុ ១០ ឆ្នាំ ដែលបានធ្វើតេស្តរកកូវីដ-១៩ កាលពីថ្ងៃមិញនេះ គឺលទ្ធផលចេញមកមានកូវីដ-១៩ ទាំងគ្រួសារ (៣ នាក់)» ។
លោក វរសេនីយឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យបានបន្តឱ្យដឹងទៀតថា «កែវ ចាន់និមល បានឆ្លងកូវីដ-១៩ ពីអ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ ព្រោះកាលអំឡុងថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ ២០២១ កែវ ចាន់និមល បានទៅជួយថតវីដេអូដើម្បីចូលរួមផ្សព្វផ្សាយអំពីការពារកូវីដ-១៩ ហើយម្សិលមិញទើបនាងទទួលដំណឹងថា អ្នកដឹកនាំថតស្ពត ឈ្មោះ ទីតូ មានវិជ្ជមានកូវីដ-១៩ (ឈ្មោះ ទីតូ ធ្លាប់ជួបជុំផឹកជាមួយប៉ូលិសចរាចរណ៍)» ។
តាមការបញ្ជាក់លើការបង្ហោះនោះ លោក វរសេនីយឯក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានបន្ថែមទៀតថា «មានកំពូលតារាល្បីៗ ជាពិសេសនៅហង្សមាស អាចមានជាប់ពាក់ព័ន្ធជាមួយឈ្មោះ ទីតូ ច្រើននាក់ ជាក់ស្តែងដូចជា ឱក សុគន្ធកញ្ញា ក៏មានអាការក្តៅខ្លួន និង កំពុងស្ថិតក្នុងការតាមដាន សុគន្ធ និសា មាសអាការផ្តាសាយ តែមិនក្តៅខ្លួនទេ និង មានតារាផ្សេងៗទៀតកំពុងទៅធ្វើតេស្តរកកូវីដ-១៩» ។
ដោយឡែកពេលនេះ កែវ ច័ន្ទនិមល និង គ្រួសារ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅអតីតអាំងទែរកុងទីណង់តាល់ (The Great Duke) និង ត្រូវបានអនុញ្ញាតឱ្យស្នាក់នៅរួមក្នុង ១ បន្ទប់ ជុំប្តី និង កូន ។
ទន្ទឹមនឹងគ្នានោះដែរ នៅលើបណ្តាញហ្វេសប៊ុកនាពេលនេះ មហាជនកំពុងចែករំលែកតៗនូវរូបភាពពីគណនីហ្វេសប៊ុករបស់ពិធីការិនី កែវ ចាន់និមល ដែលទើបតែបង្ហោះកាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២១ កន្លងទៅនេះ ជាមួយនឹងក្រុមគ្រួសាររបស់លោក នី រតនា ដើម្បីអបអរថ្ងៃកំណើតកូនស្រី របស់តារាចម្រៀងប្រុសរូបនោះ ។ រូបភាពប៉ុន្មានសន្លឹកនោះ គឺបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមហាក់មានការព្រួយបារម្ភដល់គ្រួសារលោក ជាពិសេសកូនតូចរបស់លោកយ៉ាងខ្លាំង ដែលអាចជាប់ពាក់ព័ន្ធនឹងករណីកូវីដ-១៩ នេះ ។
យ៉ាងណាមិញស្របពេលនឹងការចែករំលែករូបភាព និង ភ្ជាប់សារព្រួយបារម្ភដល់គ្រួសាររបស់លោក នី រតនា ពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែភរិយារបស់តារាចម្រៀងប្រុសខាងលើ គឺអ្នកនាង ហេង សុវណ្ណភ័ក្ត្រណា បានបង្ហោះ Story នៅលើគណនីហ្វេសប៊ុករបស់ខ្លួនបញ្ជាក់ថា នាង ស្វាមី និង កូនស្រីមិនបានជួបគ្នាជាមួយនឹងគ្រួសាររបស់ពិធីការិនី កែវ ចាន់និមល នោះទេ សម្រាប់រូបភាពដែល កែវ ច័ន្ទនិមល បានបង្ហោះនោះ គឺជារូបភាពចាស់កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០ មកម្ល៉េះ ហើយអ្នកនាងបន្ថែមថា សូមកុំឲ្យបងប្អូនមានការយល់ច្រឡំ ៕